
(ភ្នំពេញ)៖ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។
បេសកកម្មចុះសង្កេតការណ៍នេះ បានធ្វើឡើងនៅវេលាម៉ោង ១០:១០នាទីព្រឹក នៅចំណុចបង្គោលព្រំដែនលេខ២៧ ស្ថិតក្នុងភូមិថ្មរមៀលលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ការចុះផ្ទាល់ដល់ទីតាំងនេះ មានគោលបំណងផ្តល់ជូនក្រុមអ្នកសង្កេតការណ៍អាស៊ាននូវការយល់ដឹងស៊ីជម្រៅ និងការវាយតម្លៃជាក់ស្តែងអំពីស្ថានភាពនៅបង្គោលព្រំដែនដែលភាគីទាំងពីរ (កម្ពុជា-ថៃ) បានឯកភាពគ្នា។

ទន្ទឹមនឹងនេះ សកម្មភាពនេះក៏ជាការស្តែងឱ្យឃើញយ៉ាងច្បាស់ពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការពិភាក្សា និងយន្តការទ្វេភាគី ស្របតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងជាធរមាន និងអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។
អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយឈរលើគោលការណ៍សំខាន់ៗរួមមាន៖

គោលការណ៍ច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris)។
អនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ព្រមទាំងពិធីសារកំណត់ព្រំដែន និងផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម។
កំណត់ហេតុកិច្ចប្រជុំ និងការបោះបង្គោលព្រំដែន របស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម, អនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០, លក្ខខណ្ឌប្រតិបត្តិ (TOR) ឆ្នាំ២០០៣ និងកិច្ចព្រមព្រៀងពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នា។

ក្រសួងការពារជាតិបានសង្កត់ធ្ងន់ថា ការប្រកាន់ខ្ជាប់នូវយន្តការច្បាប់ និងកិច្ចព្រមព្រៀងទាំងនេះ គឺជាផ្លូវតែមួយគត់ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីសម្រេចបាននូវសន្តិភាព ស្ថិរភាព និងមិត្តភាពយូរអង្វែងរវាងប្រជាជាតិទាំងពីរ កម្ពុជា-ថៃ៕
