(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវ និងក្រើនរំលឹកយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ជាពិសេសត្រង់ចំណុចប្រសព្វផ្លូវវាងក្រុង ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយសារស្ថានភាពទឹកជំនន់កំពុងហូរកាត់ដងផ្លូវ បង្កឱ្យមានការខូចខាត មានជង្ហុកធំៗ ផ្លូវបាក់ស្រុត និងដាច់ផ្លូវជាអន្លើៗ។

ទោះបីជាស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត បានចាប់ផ្តើមស្រកចុះជាបណ្តើរៗយ៉ាងណាក៏ដោយ ប៉ុន្តែក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ព្រមទាំងស្រុកមួយចំនួនទៀត កំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីទឹកជំនន់ដែលហូរធ្លាក់មកពីផ្នែកខាងលើ។

ជំនន់ទឹកភ្លៀងនេះបានបណ្តាលឱ្យលិចលង់ផ្ទះសំបែង ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនកន្លែង ពិសេសផ្លូវជាតិលេខ៥ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើដំណើរកម្សាន្ត និងប្រកបអាជីវកម្មរបស់ពលរដ្ឋ។

ឆ្លើយតបនឹងវិបត្តិនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដី ចុះអន្តរាគមន៍ផ្ទាល់ដី ដើម្បីជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ប្រឈមគ្រោះថ្នាក់ ទៅកាន់ទីទួលសុវត្ថិភាពនៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី។

បន្ថែមពីនេះ នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ ឯកឧត្ដម អភិបាលខេត្ត បានណែនាំជាពិសេសដល់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ ចាប់ពីចំណុចប្រសព្វផ្លូវវាងក្រុង ចូលមកក្រុងសិរីសោភ័ណ (ត្រង់ចំណុចមុខវត្តសិរីមង្គល រហូតដល់មន្ទីរសុខាភិបាលខេត្ត) ត្រូវបើកបរដោយការយកចិត្តទុកដាក់ និងបន្ថយល្បឿន ជាពិសេសជៀសវាងគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ដោយសារចរន្តទឹកហូរខ្លាំងបានច្រោះបណ្តាលឱ្យបាក់ស្រុតផ្លូវ និងកើតមានជង្ហុកធំៗលាក់ខ្លួនក្រោមផ្ទៃទឹក។

សូមជម្រាបថា អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅតែបន្តតាមដានស្ថានភាពទឹកជំនន់យ៉ាងយកចិត្តទុកដាក់បំផុត និងត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕

Share.