(ភ្នំពេញ)៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចេញសារប្រតិកម្មយ៉ាងចាស់ដៃ និងវាយបកយ៉ាងធ្ងន់ធ្ងរ ចំពោះការទម្លាក់គ្រាប់បែក និងការបាញ់ប្រហារបំផ្លិចបំផ្លាញប្រាសាទព្រះវិហារដែលជាមរតកដូនតាខ្មែរ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក ព្រមទាំងរិះគន់ចំៗចំពោះបុគ្គលទាំងឡាយណាដែលចេញមុខគាំទ្រទង្វើឈ្លានពាននេះ។

តាមរយៈការដកស្រង់សារដើមនៅលើបណ្តាញសង្គមផ្លូវការ ឯកឧត្តម ហេង រតនា បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ និងខឹងសម្បារយ៉ាងខ្លាំងថា៖ «វង្វេងជាតិ វៀចចិត្តក្បត់ជាតិសាសន៍ឯង!! ពួកឈ្លានពានបានទម្លាក់គ្រាប់បែក និងបាញ់កម្ទេចប្រាសាទព្រះវិហារដូនតាខ្មែរ ដែលជាមរតកដ៏មហាសាល និងជាបេតិកភណ្ឌពិភពលោក»។

ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយកបានគូសបញ្ជាក់អំពីស្មារតីស្នេហាជាតិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងការរួមសាមគ្គីគ្នាការពារទឹកដី ដោយបានលើកឡើងថា «ក្នុងស្មារតីប្រយុទ្ធការពារ កូនខ្មែរគ្រប់រូបមិនថាស្ថិតក្នុងនិន្នាការនយោបាយណា និងអង្គការចាត់តាំងណាទេ ត្រូវតែមានកាតព្វកិច្ចដាច់ខាតចូលរួមការពារបូរណភាពទឹកដី ជាពិសេសប្រាសាទព្រះវិហារដ៏កម្សត់របស់យើង!»។

លើសពីនេះ ឯកឧត្តម ហេង រតនា ក៏បានសង្កត់ធ្ងន់ និងប្រកាសថ្កោលទោសដាច់អហង្ការចំពោះបុគ្គល ឬក្រុមណាដែលបត់បែនទៅគាំទ្រសកម្មភាពរបស់ខ្មាំងសត្រូវឈ្លានពាន ដោយបានរៀបរាប់ថា៖ «អ្នកណាគាំទ្រខ្មាំងសត្រូវដែលឈ្លានពានកាន់កាប់បូរណភាពទឹកដីខ្មែរ បំផ្លិចបំផ្លាញផ្ទះសំបែង ភូមិករប្រជាជន សម្លាប់វរកងទ័ព/ប្រជាជន និងកម្ទេចប្រាសាទខ្មែរយើង បុគ្គលនោះ ពិតជាជនវង្វេងជាតិ វៀចចិត្តក្បត់ជាតិសាសន៍ឯងហើយ!»។

សាររបស់ឯកឧត្តម ហេង រតនា ដែលបានបង្ហោះនេះ ត្រូវបានស្តែងឡើងចំពេលដែលកម្ពុជា និងដៃគូអន្តរជាតិកំពុងខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ក្នុងការប្រមូល និងសង្គ្រោះបំណែកប្រាសាទព្រះវិហារ ព្រមទាំងបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលសល់ពីការបាញ់ប្រហារ ដើម្បីការពារសុវត្ថិភាព និងថែរក្សាតម្លៃលេចធ្លោជាសកលនៃបេតិកភណ្ឌប្រវត្តិសាស្ត្រមួយនេះសម្រាប់កូនចៅជំនាន់ក្រោយ៕

Share.