(បាត់ដំបង)៖ សមិទ្ធផលអភិវឌ្ឍន៍ថ្មីមួយទៀតបានស្តែងឡើងនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង តាមរយៈពិធីបើកការដ្ឋានសាងសង់គម្រោងដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យ (សូឡា) តាមបណ្តោយផ្លូវជាតិលេខ៥ ប្រវែងប្រមាណ ១៤០គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្តពោធិ៍សាត់ ដល់ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ ដោយចាប់ផ្តើមចេញពីស្រុកមោងឫស្សី។

គម្រោងដំឡើងអំពូលសូឡាបំភ្លឺផ្លូវនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តមបណ្ឌិត ប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជា ដោយមានការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពី សម្តេចក្រឡាហោម ស ខេង និងឯកឧត្តម កើត រិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាន នៅបរិវេណអនុវិទ្យាល័យមោងឫស្សី ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាល ដែលតែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងការកសាងហេដ្ឋារចនាសម្ព័ន្ធបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ ឯកឧត្តមបានគូសបញ្ជាក់ថា សមិទ្ធផលធំធេងនេះ មិនត្រឹមតែជួយលើកកម្ពស់សោភ័ណភាពតាមដងផ្លូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ភាពងាយស្រួល ធានាសុវត្ថិភាពក្នុងការធ្វើដំណើរបែបយប់ និងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅមូលដ្ឋានទៀតផង។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុក-ឃុំ និងប្រជាពលរដ្ឋ រួមគ្នាយកចិត្តទុកដាក់ថែរក្សាការពារសមិទ្ធផលនេះឱ្យបានគង់វង្ស សម្អាតបរិស្ថាន ទប់ស្កាត់ការរំលោភដីចំណីផ្លូវ ព្រមទាំងបន្តដាំដើមឈើ និងបំពាក់ភ្លើងសូឡាបន្ថែមតាមទីប្រជុំជននានា ដើម្បីប្រែក្លាយភូមិឃុំឱ្យកាន់តែមានសុវត្ថិភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

Share.