«ភ្លើងភ្លឺ ផ្លូវស្អាត គេធ្វើតម្រូវតែផ្លូវទៅផ្ទះអ្នកធំ និងអ្នកមានអំណាចប៉ុណ្ណោះ ចំណែកផ្លូវភូមិ ចង់ខូច ជង្ហុក គ្រលុកធំៗយ៉ាងម៉េច ក៏គ្មានអ្នកណាបើកភ្នែកមើលឃើញដែរ»។ ពាក្យទាំងនេះរមែងលាន់ឮរងំចេញពីមាត់របស់អ្នកស្រុកអ្នកភូមិ។ ការអភិវឌ្ឍស្តង់ដារពីរ និងគម្លាតនៃការយកចិត្តទុកដាក់ ដោយផ្តល់សិទ្ធិអាទិភាពដល់អ្នកមានអំណាច ឬបុគ្គលមានខ្នងបង្អែកមុនប្រជាពលរដ្ឋទន់ខ្សោយ កំពុងតែវិវត្តពីទម្លាប់អាក្រក់ធម្មតា ទៅជាបញ្ហាសង្គមដ៏រ៉ាំរ៉ៃ។ វិបត្តិនៃប្រព័ន្ធការងារបែបនេះ កំពុងស៊ីរូងទំនុកចិត្ត និងជំនឿរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ទៅលើអាជ្ញាធរមូលដ្ឋាន។

«វាមិនមែនជារឿងដែលគួរមើលរំលង ឬធ្វើមិនដឹងមិនឮទៀតនោះទេ តែវាជារឿងដែលត្រូវតែលើកយកមកជជែក និងដោះស្រាយឱ្យបានកាន់តែឆាប់កាន់តែល្អ។ បច្ចុប្បន្ន រូបភាពនៃការអភិវឌ្ឍនៅក្នុងមូលដ្ឋានមួយចំនួន បានប្រែក្លាយពីពាក្យថាមោទនភាព ទៅជារឿងមួយគួរឱ្យខ្លោចផ្សាចិត្តទៅវិញ។ នោះក៏ព្រោះតែ ផ្លូវថ្នល់ ប្រព័ន្ធលូ ស្ពាន និងអំពូលភ្លើងបំភ្លឺសាធារណៈនៅទីតាំងខ្លះ មានតែនៅមុខភូមិគ្រឹះរបស់អ្នកធំ មន្ត្រីមានអំណាច ឬក្រុមដែលមានសម្ព័ន្ធភាពជិតស្និទ្ធគ្នា។ ហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានកសាងឡើងយ៉ាងល្អប្រណីត ភ្លឺចិញ្ចែងចិញ្ចាច និងរលោងស្រិល ផ្ទុយស្រឡះពីស្ថានភាពផ្លូវចូលភូមិ ឬសហគមន៍ជ្រៅៗ។ វាហាក់បីដូចជាខ្សែបន្ទាត់ខណ្ឌចែករវាងពិភពពីរនៅក្នុងមូលដ្ឋានតែមួយ។ នៅក្នុងភូមិ-ឃុំមួយចំនួន បង្គោលសញ្ញា ឬស្លាកចរាចរណ៍នៅក្បែរផ្ទះពលរដ្ឋសាមញ្ញ មានសភាពទ្រេតដួល និងរលុបទឹកថ្នាំ ខណៈរដូវប្រាំងដីហុយទ្រលោម ហើយដល់រដូវវស្សាទឹកជន់លិចកប់ភក់ ដោយគ្មានមន្ត្រីមូលដ្ឋានណាម្នាក់នឹកអើពើឡើយ។»
នៅក្នុងភូមិ-ឃុំមួយចំនួន បង្គោលសញ្ញា ឬស្លាកចរាចរណ៍នៅក្បែរផ្ទះពលរដ្ឋសាមញ្ញ មានសភាពទ្រេតដួល រលុបទឹកថ្នាំ ខណៈរដូវប្រាំងដីហុយទ្រលោម ហើយពេលដល់រដូវវស្សាទឹកជន់លិចកប់ភក់ ដោយគ្មានមន្ត្រីមូលដ្ឋានណាម្នាក់អើពើឡើយ។

នេះមិនមែនជាការអភិវឌ្ឍដើម្បីផលប្រយោជន៍ប្រជាជននោះទេ ប៉ុន្តែវាជា «វប្បធម៌ការងារអភិវឌ្ឍន៍ផ្គាប់ចិត្តមេ និងបក្សពួកនិយម»។ មន្ត្រីថ្នាក់ក្រោមជាតិមួយចំនួន បានយកថវិកាជាតិដែលកើតចេញពីពន្ធដាររបស់រាស្ត្រ ទៅកសាងហេដ្ឋារចនាសម្ព័ន្ធលម្អមុខមាត់ និងយកចិត្តថ្នាក់ដឹកនាំ ដើម្បីតែការពារកៅអី និងស្វែងរកលាភសក្ការៈផ្ទាល់ខ្លួន ដោយបំភ្លេចចោលនូវគោលការណ៍សមធម៌សង្គម។ ពួកគេភ្លេចគិតថា ផ្លូវក្នុងសហគមន៍ជ្រៅៗឯណោះទេ ដែលជាសរសៃឈាមសេដ្ឋកិច្ចពិតប្រាកដ ជួយជំរុញការដឹកជញ្ជូនកសិផល សម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងតភ្ជាប់ជីវភាពពលរដ្ឋពីភូមិមួយទៅភូមិមួយ។ ការជួយអ្នកមានលទ្ធភាពរួចហើយ មិនមែនជាសមិទ្ធផលនោះទេ តែការជួយលើកស្ទួយពលរដ្ឋទន់ខ្សោយ និងខ្វះលទ្ធភាព ទើបជាតម្លៃពិតនៃមន្ត្រីបម្រើរាស្ត្រ។

ដើម្បីទម្លុះទម្លាយចំណោទបញ្ហាដ៏រសើបមួយនេះ អាជ្ញាធរ ជាពិសេសក្រសួងមហាផ្ទៃ ដែលជាក្រសួងសមីគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ គួរតែមានឆន្ទៈអនុវត្តនូវវិធានការគន្លឹះ និងយុទ្ធសាស្ត្រដូចខាងក្រោម៖
- លុបបំបាត់ប្រព័ន្ធអនុម័តគម្រោងតាមខ្នងបង្អែក៖ រាល់ការទម្លាក់កញ្ចប់ថវិកាអភិវឌ្ឍន៍ភូមិ-សង្កាត់ មិនត្រូវធ្វើឡើងតាមការស្នើសុំខ្សឹបខ្សៀវ ឬតាមឥទ្ធិពលរបស់អ្នកមានអំណាចឡើយ។ រដ្ឋបាលខណ្ឌ ស្រុក ក្រុង ត្រូវតែបង្កើតបញ្ជីអាទិភាពផ្អែកលើទិន្នន័យបច្ចេកទេសពិតប្រាកដ និងការប្រើប្រាស់ប្រព័ន្ធផែនទីឌីជីថល (Digital Mapping) ដើម្បីវាយតម្លៃលើចំនួនខ្នងផ្ទះរបស់ពលរដ្ឋដែលទទួលបានផលប្រយោជន៍ និងកម្រិតនៃការរងគ្រោះជាក់ស្តែង។ ផ្លូវណាដែលមានពលរដ្ឋរស់នៅកកកុញ និងរងការលិចលង់ខ្លាំង ត្រូវតែទទួលបានកញ្ចប់ថវិកាធ្វើមុនគេដាច់ខាត។ ជាមួយគ្នានេះ ផ្លូវដែលបានសាងសង់ ឬជួសជុលរួចរាល់ ត្រូវតែចុះក្នុងប្រព័ន្ធទិន្នន័យកំណត់អាណត្តិកាលនៃការប្រើប្រាស់ឱ្យបានច្បាស់លាស់ ដើម្បីទប់ស្កាត់កុំឱ្យមានការស្នើសុំកញ្ចប់ថវិកាជួសជុលដដែលៗ តែនៅលើខ្សែផ្លូវមុខផ្ទះអ្នកធំ បងប្អូន និងក្រុមញាតិសណ្តាន។
- បើកចំហផែនការថវិកា និងបង្កើនការវាយតម្លៃពីពលរដ្ឋ៖ មុននឹងសម្រេចចិត្តកសាងផ្លូវ ឬប្រព័ន្ធលូ អាជ្ញាធរត្រូវតែបង្ហាញគំនូរប្លង់ និងកញ្ចប់ថវិកាជាសាធារណៈនៅតាមសាលាសង្កាត់ និងបើកវេទិកាពិគ្រោះយោបល់ទល់មុខជាមួយពលរដ្ឋ។ ត្រូវអនុញ្ញាតឱ្យប្រជាពលរដ្ឋមានសិទ្ធិវាយតម្លៃ និងបោះឆ្នោតគាំទ្រលើគម្រោងណាដែលចាំបាច់បំផុតសម្រាប់សហគមន៍របស់ពួកគេ ដើម្បីទប់ស្កាត់កុំឱ្យមានការបង្វែរថវិកាទៅធ្វើផ្លូវលម្អមុខផ្ទះបក្ខពួកខ្លួន ឬសាច់ញាតិក្រុមណាមួយនោះ។ យ៉ាងណាមិញ អាជ្ញាធរក៏មានសិទ្ធិក្នុងការបង្ហាញហេតុផលបច្ចេកទេសត្រឡប់មកវិញផងដែរ ចំពោះការសម្រេចចិត្តកសាង ឬជួសជុលផ្លូវត្រង់ចំណុចណាមួយ ប៉ុន្តែការបកស្រាយនោះត្រូវតែឈរលើគោលការណ៍ស្មោះត្រង់ និងតម្លាភាពជាចម្បង។ ត្បិតថាក្រសួងសាមីធ្លាប់បានចាត់វិធានការ និងអនុវត្តកន្លងមកក៏ពិតមែន ប៉ុន្តែរឿងរ៉ាវខ្លះមិនអាចធ្វើឡើងបែបមួយៗបានឡើយ ពោលគឺត្រូវតែទម្លុះរបាំងការងារ និងដាក់ចេញជាគោលដៅចម្បងភ្លាមៗ ដើម្បីជំរុញឱ្យការអនុវត្តជាក់ស្តែងកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
- បង្កើតសវនកម្មចំហ និងយន្តការម៉ឺងម៉ាត់ពីថ្នាក់ជាតិ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គួរតែចាត់តាំងក្រុមការងារអធិការកិច្ចចុះត្រួតពិនិត្យសមិទ្ធផលផ្ទាល់ដល់មូលដ្ឋាន ដោយមិនបាច់ប្រកាសមុន។ ប្រសិនបើរកឃើញថា មន្ត្រីមូលដ្ឋានណាដែលសរសេររបាយការណ៍ភូតភរ ល្អតែនៅលើក្រដាស ប៉ុន្តែជាក់ស្តែងយកលុយរដ្ឋទៅបម្រើផលប្រយោជន៍បក្ខពួកខ្លួន ត្រូវតែអនុវត្តវិន័យរដ្ឋបាលធ្ងន់ធ្ងរ ដូចជាការបញ្ឈរជើង ឬដកហូតតំណែង។ ផ្ទុយទៅវិញ ចំពោះមន្ត្រីដែលខិតខំអភិវឌ្ឍន៍ចំគោលដៅ និងពង្រឹងសហគមន៍ទន់ខ្សោយឱ្យប្រែក្លាយជាមានសក្តានុពល ត្រូវតែទទួលបានការលើកទឹកចិត្តជាដាច់ខាត ជាពិសេសគឺការផ្តល់អាទិភាពក្នុងការដំឡើងឋានន្តរស័ក្តិ ដើម្បីជាកម្លាំងចលករ និងជាគំរូបង្ហាញថា មន្ត្រីល្អដែលបម្រើផលប្រយោជន៍រាស្ត្រពិតប្រាកដ នឹងទទួលបានការលើកតម្កើង។

សរុបសេចក្តីមក ស្មារតីបម្រើជាតិ និងប្រជារាស្ត្រ មិនមែនវាស់វែងតាមរយៈការពូកែអែបអប សម្តីផ្អែម ឱនក្បាល និងលើកជើងអ្នកធំ ហើយព្យាយាមកសាងផ្លូវ ស្ពាន កាត់មុខផ្ទះអ្នកមានអំណាច ដើម្បីបង្ហាញថាស្រុកភូមិជឿនលឿន មានការអភិវឌ្ឍនោះឡើយ។ អ្វីដែលមន្ត្រីមូលដ្ឋានចាំបាច់ត្រូវមានបំផុត គឺការហ៊ានលំបាក ហ៊ានស្តាប់ពាក្យពិត ហ៊ានមូលជើងខោចុះដើរលុយទឹកកាត់ភក់ជ្រាំ និងមានភាពវៃឆ្លាតក្នុងការថ្លឹងថ្លែងផ្តល់អាទិភាពដល់ការអភិវឌ្ឍណាដែលបម្រើដល់ផលប្រយោជន៍សហគមន៍ជាធំ។ កុំព្យាយាមបង្កើតគម្លាតរវាងមន្ត្រី និងពលរដ្ឋឱ្យកាន់តែឃ្លាតឆ្ងាយពីគ្នា ដោយសារតែភាពលម្អៀង តែត្រូវធ្វើការដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋពិតប្រាកដ ទើបទទួលបាននូវសេចក្តីថ្លៃថ្នូរ និងការគោរពស្រលាញ់ពិតប្រាកដពីរាស្ត្រ។
«ក្នុងនាមជាអ្នកកាន់អំណាច និងជាអ្នកអនុវត្តច្បាប់ផ្ទាល់នៅមូលដ្ឋាន… តើលោកអ្នកចង់ធ្វើជាមន្ត្រីល្អបម្រើរាស្ត្រឱ្យពលរដ្ឋស្រឡាញ់ ឬក៏ចង់ធ្វើជាមន្ត្រីដែលពលរដ្ឋសូម្បីតែមុខក៏មិនចង់មើល?»
អត្ថបទ៖ ទស្សនៈស្មេរ
ប្រសិនបើប្រិយមិត្តមានបទវិភាគ អត្ថបទទស្សនៈ ឬមតិស្ថាបនាជុំវិញបញ្ហាសង្គម និងការកែលម្អសេវាសាធារណៈ សូមផ្ញើអត្ថបទរបស់លោកអ្នកមកកាន់សារព័ត៌មាន ត្រយង តាមរយៈ Telegram៖ 099 588 880 ទំនាក់ទំនងទូរស័ព្ទ៖ 066 999 434 ឬទំព័រហ្វេសប៊ុកផ្លូវការ Troryorng News។ យើងខ្ញុំរង់ចាំទទួល និងសហការផ្សព្វផ្សាយរាល់ទស្សនៈស្ថាបនាដើម្បីសង្គមយើង!

