ភ្នំពេញ៖ ក្នុងខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្ស បានសហការជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ប្រភេទ និងប្រជាពលរដ្ឋក្នុងសហគមន៍ ចុះល្បាតការពារតំបន់ការពារធម្មជាតិចំនួន ១,៥៨០លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ២៣៨ករណី កើនឡើង ៣២៤លើក និង៨១ករណី រៀងគ្នា បើធៀបនឹងខែសីហា ឆ្នាំ២០២៦។




ក្នុងចំណោមបទល្មើសដែលបង្ក្រាបបាន មានបទល្មើសព្រៃឈើចំនួន ៧៥ករណី បទល្មើសសត្វព្រៃចំនួន ៧១ករណី បទល្មើសដីធ្លីចំនួន ៣៩ករណី បទល្មើសនេសាទចំនួន ៤៧ករណី និងបទល្មើសធនធានរ៉ែចំនួន ៦ករណី។
ជាមួយគ្នានេះ ក្រុមការងារបានបង្ក្រាបការកាប់រាន និងទន្ទ្រានដីក្នុងតំបន់ការពារធម្មជាតិ សរុបទំហំ ៤១ហិកតា ព្រមទាំងកសាងកំណត់ហេតុបទល្មើសចំនួន ១២៩កំណត់ហេតុ និងកសាងសំណុំរឿងពាក់ព័ន្ធបទល្មើសធនធានធម្មជាតិចំនួន ១៤សំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ។ ក្នុងនោះ ជនសង្ស័យចំនួន ១១នាក់ ត្រូវបានបញ្ជូនទៅតុលាការ និងដាក់ពន្ធនាគារ។
ក្រៅពីនេះ មន្ត្រីឧទ្យានុរក្សបានដកហូតវត្ថុតាងជាច្រើនប្រភេទ ព្រមទាំងបានដោះអន្ទាក់ឆក់ចំនួន ១,៩៥០គ្រឿង អន្ទាក់ខ្សែចំនួន ២,២១០ខ្សែ គ្រាប់កាំភ្លើងចំនួន ៨គ្រាប់ អាវុធកែច្នៃចំនួន ២៥ដើម និងគ្រាប់ចំនួន ១៧គ្រាប់។
ក្រុមមន្ត្រីឧទ្យានុរក្សនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ សមត្ថកិច្ច និងអ្នកពាក់ព័ន្ធ ដើម្បីការពារធនធានធម្មជាតិ និងជីវៈចម្រុះនៅតាមតំបន់ការពារធម្មជាតិ៕
អត្ថបទ៖ ចតុម្មុខ

