ក្រោយជាប់បាក់ឌុប ទំព័រជីវិតថ្មីមួយទៀតរបស់យុវជន គឺការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។ សម្រាប់និស្សិតដែលត្រូវចាកចេញពីស្រុកកំណើត ឡើងមកបន្តការសិក្សានៅរាជធានីភ្នំពេញ ការផ្លាស់ប្តូរនេះមិនមែនមានត្រឹមតែការប្តូរសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមរៀនរស់នៅដោយខ្លួនឯង និងទទួលខុសត្រូវលើជីវិតប្រចាំថ្ងៃផងដែរ។

ការចាកចេញពីផ្ទះមករស់នៅទីក្រុង គឺជាបទពិសោធន៍ថ្មីដែលនិស្សិតត្រូវរៀនសម្របខ្លួនទៅនឹងបរិយាកាស មនុស្ស និងរបៀបរស់នៅដែលខុសពីស្រុកកំណើត។ មុនចាប់ផ្តើមជីវិតថ្មី និស្សិតគួរត្រៀមខ្លួនទាំងផ្នែកការរស់នៅ ការធ្វើដំណើរ ការគ្រប់គ្រងចំណាយ និងជាពិសេសការសិក្សា។

ចំណុចដំបូងដែលត្រូវគិតគូរ គឺ កន្លែងស្នាក់នៅ និងការរៀនរស់នៅដោយខ្លួនឯង។ សម្រាប់អ្នកដែលជ្រើសរើសស្នាក់នៅបន្ទប់ជួល ការរស់នៅនឹងមានភាពខុសគ្នាពីការរស់នៅជាមួយគ្រួសារនៅផ្ទះ។ ចាប់ពីការរៀបចំបន្ទប់ ការទិញម្ហូបអាហារ ការគ្រប់គ្រងចំណាយ ការបោកគក់ រហូតដល់ការរៀបចំពេលវេលា សុទ្ធតែត្រូវចាប់ផ្តើមទទួលខុសត្រូវដោយខ្លួនឯង។ ជាមួយគ្នានេះ បរិយាកាសនៅបន្ទប់ជួលក៏អាចមានអ្នករស់នៅជិតខាងដែលមានចរិត និងទម្លាប់ខុសៗគ្នា ហើយកន្លែងខ្លះមានវិន័យផ្ទៃក្នុង ដូចជាការកំណត់ម៉ោងបិទទ្វារនៅពេលយប់។ ដូច្នេះ និស្សិតត្រូវចេះគោរពច្បាប់ សម្របខ្លួន និងរក្សាទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន។ ប្រសិនបើរស់នៅជាមួយមិត្តភក្តិដែលឡើងមកពីខេត្តដូចគ្នា ក៏ត្រូវចេះយោគយល់ អត់ឱន និងចែករំលែកការទទួលខុសត្រូវក្នុងការរស់នៅជាមួយគ្នា។

សម្រាប់និស្សិតដែលមានឱកាសស្នាក់នៅ តាមវត្តអារាម កន្លែងស្នាក់នៅប្រភេទនេះអាចជួយកាត់បន្ថយការចំណាយ ប៉ុន្តែក៏មានវិន័យ និងបទបញ្ជាផ្ទៃក្នុងដែលត្រូវគោរព។ និស្សិតត្រូវចេះសម្របខ្លួនជាមួយព្រះសង្ឃ និងនិស្សិតដទៃ ព្រមទាំងគោរពបរិយាកាសរបស់វត្ត។ វត្តមួយចំនួនអាចមានការកំណត់ម៉ោងបិទទ្វាររបងនៅពេលយប់ ឬមានការចូលរួមសិក្សាធម៌ សូត្រមន្ត ឬថ្វាយបង្គំតាមការកំណត់របស់វត្ត ជាពិសេសនៅថ្ងៃសីល។ ប្រសិនបើនិស្សិតមានការសិក្សាវេនយប់ ឬមានកាតព្វកិច្ចចាំបាច់ គួរជូនដំណឹងជាមុន ដើម្បីឱ្យការរស់នៅរួមគ្នាមានភាពរលូន និងគោរពគ្នាទៅវិញទៅមក។

ចំណែកឯនិស្សិតដែល ស្នាក់នៅផ្ទះសាច់ញាតិ ក៏មិនគួរយល់ថា ដោយសារជាសាច់ញាតិ នឹងមានភាពសេរីដូចការរស់នៅជាមួយឪពុកម្តាយឡើយ។ និស្សិតត្រូវចេះគោរពម្ចាស់ផ្ទះ និងសម្របខ្លួនទៅតាមរបៀបរស់នៅរបស់គ្រួសារដែលខ្លួនកំពុងស្នាក់នៅ ដូចជាពេលវេលាញ៉ាំអាហារ ការគេង ការរៀបចំខ្លួន ឥរិយាបថ សម្ដីសម្ដៅ និងការដើរហើរទាំងពេលថ្ងៃ និងពេលយប់។ ការចេះគិតពីអារម្មណ៍អ្នកដទៃ និងការមិនបង្កការរំខានដល់ម្ចាស់ផ្ទះ គឺជាចំណុចសំខាន់ដែលគួរតែមានតាំងពីដំបូង។

ក្រៅពីកន្លែងស្នាក់នៅ ការធ្វើដំណើរ និងការសម្របខ្លួនជាមួយបរិយាកាសទីក្រុង ក៏ជារឿងដែលនិស្សិតថ្មីត្រូវយកចិត្តទុកដាក់។ ការរស់នៅក្នុងភ្នំពេញមានភាពខុសពីតំបន់ជនបទ ឬខេត្តមួយចំនួន ដោយសារមានចរាចរណ៍មមាញឹក និងមនុស្សមកពីតំបន់ផ្សេងៗគ្នា។ និស្សិតគួររៀនស្គាល់ផ្លូវពីកន្លែងស្នាក់នៅទៅសាកលវិទ្យាល័យ និងទីកន្លែងសំខាន់ៗ ដូចជាផ្សារ មន្ទីរពេទ្យ ឬកន្លែងដែលត្រូវទៅជាប្រចាំ។ ការយល់ដឹងពីច្បាប់ចរាចរណ៍ ការប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរ និងការរៀបចំពេលវេលាឱ្យបានសមស្រប នឹងជួយកាត់បន្ថយការយឺតពេល និងហានិភ័យដែលអាចកើតឡើងក្នុងជីវិតប្រចាំថ្ងៃ។

ចំណុចសំខាន់បំផុតមួយទៀត គឺ ការត្រៀមខ្លួនសម្រាប់ការសិក្សានៅថ្នាក់ឧត្តមសិក្សា។ ការរៀននៅសាកលវិទ្យាល័យមានភាពខុសពីការរៀននៅវិទ្យាល័យ ព្រោះនិស្សិតត្រូវមានភាពម្ចាស់ការលើការសិក្សារបស់ខ្លួនកាន់តែច្រើន។ គ្រូបង្រៀនអាចពន្យល់មេរៀននៅក្នុងថ្នាក់ ប៉ុន្តែនិស្សិតត្រូវចេះកត់ត្រាចំណុចសំខាន់ៗ ស្វែងរកឯកសារបន្ថែម និងស្រាវជ្រាវដោយខ្លួនឯងតាមសៀវភៅ បណ្ណាល័យ និងប្រភពព័ត៌មានដែលមានភាពជឿទុកចិត្ត។

នៅក្នុងសាកលវិទ្យាល័យ និស្សិតអាចត្រូវធ្វើកិច្ចការជាបុគ្គល ឬជាក្រុម រៀបចំស្លាយ ធ្វើបទបង្ហាញនៅចំពោះមុខគ្រូ និងមិត្តរួមថ្នាក់ ព្រមទាំងឆ្លើយសំណួរផ្សេងៗ។ ដូច្នេះ ការចេះធ្វើការជាក្រុម ការប្រាស្រ័យទាក់ទង ការចែករំលែកមតិ និងការទទួលខុសត្រូវលើការងាររបស់ខ្លួន គឺជាជំនាញដែលគួរអភិវឌ្ឍតាំងពីដើម។

ជីវិតនៅសាកលវិទ្យាល័យក៏នឹងនាំឱ្យនិស្សិតជួបមនុស្សដែលមានចរិត ឥរិយាបថ សម្ដីសម្ដៅ សីលធម៌ និងរបៀបរស់នៅខុសៗគ្នា។ និស្សិតគួររៀនសូត្រពីចំណុចល្អរបស់អ្នកដទៃ និងចៀសវាងអ្វីដែលអាចប៉ះពាល់ដល់ការសិក្សា និងអនាគតរបស់ខ្លួន។ មិនចាំបាច់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃតាមរយៈការស្លៀកពាក់ ឬសម្ភារនិយមហួសហេតុនោះទេ ព្រោះគោលដៅសំខាន់របស់និស្សិត គឺការសិក្សា និងការអភិវឌ្ឍខ្លួន។ ជាមួយគ្នានេះ គួរបង្កើតទំនាក់ទំនងល្អ និងចងក្រងមិត្តភក្តិដែលមានគោលដៅល្អ ព្រោះទំនាក់ទំនងល្អអាចក្លាយជាផ្នែកមួយនៃបទពិសោធន៍សំខាន់ក្នុងជីវិតសាកលវិទ្យាល័យ។

ជារួម ការចាកចេញពីផ្ទះមកបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា មិនថានៅភ្នំពេញ ឬខេត្តឆ្ងាយពីគ្រួសារឡើយ គឺជាដំណាក់កាលដែលនិស្សិតចាប់ផ្តើមរៀនក្លាយជាម្ចាស់លើជីវិតរបស់ខ្លួន។ ការរស់នៅដោយខ្លួនឯងទាមទារឱ្យមានវិន័យ មានផែនការ ចេះរៀបចំពេលវេលា និងគ្រប់គ្រងការចំណាយ ព្រមទាំងមានភាពបត់បែន និងចេះដោះស្រាយបញ្ហាដោយសមស្រប។

សាកលវិទ្យាល័យមិនមែនជាកន្លែងសម្រាប់រៀនតែមុខវិជ្ជានៅក្នុងសៀវភៅនោះទេ ប៉ុន្តែជាកន្លែងដែលនិស្សិតចាប់ផ្តើមរៀនរស់នៅក្នុងសង្គម រៀនស្គាល់មនុស្ស រៀនធ្វើការជាមួយអ្នកដទៃ និងរៀនទទួលខុសត្រូវលើការសម្រេចចិត្តរបស់ខ្លួន។ និស្សិតថ្មីនឹងជួបបញ្ហា ស្ថានការណ៍ និងបទពិសោធន៍ថ្មីៗជាច្រើន។ អ្វីដែលសំខាន់ គឺត្រូវរៀនប្រឈមមុខ ដោះស្រាយ និងយកបទពិសោធន៍ទាំងនោះមកអភិវឌ្ឍខ្លួន។

Screenshot

ជីវិតនិស្សិតថ្មី គឺជាទំព័រថ្មីមួយដែលពោរពេញដោយបទពិសោធន៍។ ការរៀនឱ្យបានល្អ រស់នៅដោយមានវិន័យ ចេះសម្របខ្លួន គ្រប់គ្រងខ្លួនឯង និងទទួលខុសត្រូវលើការសម្រេចចិត្តរបស់ខ្លួន នឹងជួយឱ្យដំណើរជីវិតនៅសាកលវិទ្យាល័យក្លាយជាមូលដ្ឋានសម្រាប់ការរីកចម្រើនទៅថ្ងៃអនាគត។ រាល់ការលំបាកដែលបានឆ្លងកាត់ ក៏អាចក្លាយជាបទពិសោធន៍មួយក្នុងការរៀនក្លាយជាមនុស្សពេញវ័យដែលមានសមត្ថភាព និងទំនួលខុសត្រូវ៕

អត្ថបទ៖ សុខៈ វេជ្ជៈណា

Share.