ខេត្តរ៉ាយ៉ង៖ កំហឹងរបស់ប្រជាពលរដ្ឋបានផ្ទុះឡើងជាសាធារណៈ ដោយសារតែការឆ្លើយតបយ៉ាងយឺតយ៉ាវ និងខ្វះប្រសិទ្ធភាពរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការប្រមូលសំរាម និងកម្ទេចកម្ទីដែលសល់ពីគ្រោះទឹកជំនន់។ នៅថ្ងៃទី៤ ខែតុលា ម្សិលមិញនេះ គំនរគ្រឿងសង្ហារិម និងសំណល់ផ្ទះសម្បែងដែលខូចខាត បានកើនឡើងរហូតដល់ប្រវែងជាង ៣០០ម៉ែត្រ នៅតាមបណ្តោយផ្លូវជាតិលេខ ៣៦ មុខអតីតសាលាសង្កាត់ជើងនើន (Choeng Noen) ស្រុកមឿងរ៉ាយ៉ង។

សកម្មភាពយកសំរាមទៅចាក់ចោលនៅមុខសាលាក្រុងនេះ ធ្វើឡើងបន្ទាប់ពីភូមិជាច្រើនក្នុងសង្កាត់ជើងនើន នៅតែរងការលិចលង់ដោយទឹកស្អុយ ខណៈដែលរថយន្តប្រមូលសំរាមរបស់អាជ្ញាធរមិនបានចុះទៅប្រមូលសំណល់ទាំងនោះចេញពីសហគមន៍ឡើយ។ ប្រជាពលរដ្ឋបានលើកឡើងថា កម្ទេចកម្ទី និងអីវ៉ាន់ខូចខាតដែលកកស្ទះទាំងនោះ បានចាប់ផ្តើមជះក្លិនស្អុយយ៉ាងខ្លាំង បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងការរស់នៅប្រចាំថ្ងៃ ខណៈដែលពួកគេរង់ចាំការអន្តរាគមន៍ពីអាជ្ញាធរ ដោយគ្មានតម្រុយ ឬដំណោះស្រាយទាល់តែសោះ។

លោក សារ៉ាវុធ (Sarawut) ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ជើងនើន បានសម្តែងការក្តៅក្រហាយ និងអស់សង្ឃឹមថា ទឹកជំនន់បានបំផ្លាញទ្រព្យសម្បត្តិស្ទើរតែទាំងអស់ក្នុងផ្ទះ។ គ្រឿងសង្ហារិមធ្វើពីឈើកៀបបានពុកផុយ និងរលួយអស់ ឯពូក ខ្នើយ និងភួយ ក៏មិនអាចយកមកប្រើប្រាស់កើតទៀតដែរ។ លើសពីនេះ អ្វីដែលគួរឱ្យព្រួយបារម្ភគឺ គ្រឿងអគ្គិសនីជាច្រើនដូចជា ទូរទស្សន៍ កង្ហារ និងទូរទឹកកក ត្រូវទឹកលិចជាច្រើនថ្ងៃ ដោយមិនទាន់ដឹងថា អាចជួសជុលបាន ឬយ៉ាងណានោះទេ។ ការទុកឱ្យពលរដ្ឋរ៉ាប់រងបន្ទុក និងប្រឈមមុខដោយខ្លួនឯងបែបនេះ បានធ្វើឱ្យជីវភាពរស់នៅរបស់ពួកគាត់កាន់តែជួបការលំបាក។

សកម្មភាពតវ៉ាយ៉ាងក្តៅគគុករបស់ប្រជាពលរដ្ឋ បានបង្ខំឱ្យសាលាសង្កាត់ជើងនើន ចេញមុខឆ្លើយតបជាប្រញាប់។ នៅម៉ោង ៤:៣៤ នាទីល្ងាចថ្ងៃដដែល អាជ្ញាធរសង្កាត់ជើងនើន បានបង្ហោះសារតាមទំព័រ Facebook ដោយអះអាងថា បានបញ្ជូនបុគ្គលិក និងរថយន្តប្រមូលសំរាម ចុះទៅប្រមូលកម្ទេចកម្ទី និងអីវ៉ាន់ធំៗនៅតាមទីតាំងផ្សេងៗក្នុងសង្កាត់ ព្រមទាំងលាងសម្អាតផ្លូវ និងទីសាធារណៈផងដែរ។

ទោះជាយ៉ាងណា ការចេញមកសុំទោស និងការចាប់ផ្តើមប្រមូលសំរាមដែលធ្វើឡើងតែបន្ទាប់ពីមានការតវ៉ានេះ រងការរិះគន់យ៉ាងធ្ងន់ធ្ងរថាជា ការធ្វើការបែបដោះទាល់ និងខ្វះផែនការគ្រប់គ្រងវិបត្តិជាមុន។ ជាមួយគ្នានេះ អាជ្ញាធរបានស្នើឱ្យប្រជាពលរដ្ឋដាក់អីវ៉ាន់ខូចខាតនៅមុខផ្ទះ ឬតាមចំណុចកំណត់ និងបែកចែកសំណល់គ្រោះថ្នាក់ (ដូចជា គ្រឿងអគ្គិសនី សារធាតុគីមី និងវត្ថុមុតស្រួច) ឱ្យបានត្រឹមត្រូវ ដោយសន្យាថា នឹងបន្តសកម្មភាពប្រមូលតាមតំបន់នីមួយៗឱ្យបានរួចរាល់៕

