ព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ព្រមទាំងករណីជួញដូរអាវុធខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន៩នាក់ នៅទីតាំងផ្សេងៗគ្នា ក្នុងភូមិសាស្ត្រក្រុងកំពង់សោម និងក្រុងព្រះសីហនុ។ 

ប្រតិបត្តិការនេះធ្វើឡើងចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដោយកម្លាំងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងវរសេនាតូចលេខ២៤០ ប្រចាំខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ 

តាមសមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ២៣៖៣០នាទី កម្លាំងបានចុះបង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន នៅលើផ្ទៃសមុទ្រ ម្តុំកោះឫស្សី ស្ថិតក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ដោយឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន២នាក់ និងដកហូតបានវត្ថុតាងជាគ្រឿងញៀន និងអាវុធមួយចំនួន ដោយក្នុងក្នុងពេលប្រតិបត្តិការ ជនសង្ស័យបានបោះគ្រឿងញៀនមួយចំនួនធំចូលទៅក្នុងទឹកសមុទ្រ ដែលមិនទាន់ដឹងពីចំនួននោះទេ។ ស្រាប់តែប្រមាណ១៥នាទីក្រោយមក កម្លាំងសម្ថកិច្ចបានបន្តឃាត់ខ្លួនបក្ខពួករបស់ជនសង្ស័យចំនួន៥នាក់បន្ថែមទៀត នៅម្តុំឆ្នេរព្រែកចាក ស្ថិតក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម និងបានឆែកឆេរដកហូតវត្ថុតាង និងសម្ភារៈពាក់ព័ន្ធមួយចំនួនបន្ថែមទៀត។ 

លុះដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ០៩៖០០នាទី ក៏មានប្រជានេសាទម្នាក់ឈ្មោះ ស៊ី នឿន បានប្រទះឃើញកញ្ចប់ពណ៌លឿងចំនួន៣កញ្ចប់ធំ ដែលអណ្ដែតលើផ្ទៃសមុទ្រ ដោយមានការសង្ស័យថា ជាសារធាតុញៀន លោកបានស្រង់កញ្ចប់ទាំងនោះពីផ្ទៃទឹក និងរាយការណ៍ជូនសមត្ថកិច្ចរួចនៅថ្ងៃទី២៤ ខែកញ្ញា កញ្ចប់ទាំង៣ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីគ្រប់គ្រង និងបន្តនីតិវិធី។ បន្ទាប់មក នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៥៖១០នាទី កម្លាំងជំនាញបានបន្តស្រាវជ្រាវ និងឃាត់ខ្លួនបក្ខពួកជនសង្ស័យបានម្នាក់ទៀត នៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ព្រមទាំងដកហូតវត្ថុតាង និងសម្ភារៈមួយចំនួន។

 ក្នុងប្រតិបត្តិការបន្ត នៅពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញខេត្តព្រះសីហនុ បានសហការជាមួយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះឆែកឆេរផ្ទះជួលមួយកន្លែងរបស់ជនសង្ស័យ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប៉ុន្តែមិនរកឃើញអ្វីគួរឱ្យកត់សម្គាល់ឡើយ។ ហើយចុងក្រោយ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៥៖០០នាទី កម្លាំងជំនាញបានបន្តឃាត់ខ្លួនមុខសញ្ញាសេសសល់ម្នាក់ទៀត នៅម្តុំតោពីរ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងបានឆែកឆេរដកហូតវត្ថុតាង និងសម្ភារៈពាក់ព័ន្ធមួយចំនួនបនន្ថែមទៀត។

សរុបជារួមក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន៩នាក់ ព្រមទាំងដកហូតបានគ្រឿងញៀន អាវុធ និងសម្ភារៈពាក់ព័ន្ធមួយចំនួនធំ ហើយបច្ចុប្បន្ន ជនសង្ស័យទាំង៩នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

អត្ថបទ៖ចតុម្មុខ

Share.