បន្ទាយមានជ័យ៖ ជនសង្ស័យចំនួន ៣នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីរត់ពន្ធទំនិញចម្រុះខុសច្បាប់ឆ្លងដែនពីប្រទេសថៃ ចូលមកទឹកដីកម្ពុជា។ ក្នុងចំណោមជនសង្ស័យទាំងនោះ ត្រូវបានរកឃើញថាមានម្នាក់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀនផងដែរ។

យោងតាមការបញ្ជាក់ពីកម្លាំងជំនាញ បានឱ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងជាពីរដំណាក់កាល ដោយកម្លាំងជំនាញនៃកងរាជអាវុធហត្ថស្រុកម៉ាឡៃ សហការជាមួយទាហានប្រចាំការទិសសមរភូមិតាមបន្ទាត់ព្រំដែន បានឃាត់ខ្លួនជនសង្ស័យភេទប្រុសចំនួន ២នាក់ ជាយុវជនស្ថិតក្នុងវ័យខ្ទង់ ២០ឆ្នាំ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។ ជនសង្ស័យទាំងពីរនាក់នេះ បានលួចឆ្លងកាត់អូរព្រំដែន ត្រង់ចំណុចភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីដឹកជញ្ជូនទំនិញចម្រុះខុសច្បាប់ចូលមកក្នុងស្រុក។

តាមរយៈការសាកសួរចម្លើយរបស់សមត្ថកិច្ច ជនសង្ស័យទាំងពីរបានសារភាពថា ពួកខ្លួនគ្រាន់តែជាអ្នកស៊ីឈ្នួលដឹកជញ្ជូនទំនិញថៃទាំងនោះតាមច្រកស្រុកម៉ាឡៃ ដើម្បីយកទៅចែកចាយបន្តនៅក្រុងប៉ោយប៉ែត តាមការបញ្ជារបស់ស្ត្រីម្នាក់ឈ្មោះ ចែ បូ ដែលរស់នៅប្រទេសថៃ ដោយទទួលបានកម្រៃឈ្នួលត្រឹមតែ ៣ម៉ឺនរៀលប៉ុណ្ណោះក្នុងម្នាក់ៗ។ ផ្អែកលើចម្លើយសារភាព និងតម្រុយដែលទទួលបានពីការស៊ើបអង្កេត គឺកម្លាំងជំនាញបន្តស្រាវជ្រាវរហូតអាចតាមឃាត់ខ្លួនបក្ខពួកម្នាក់ទៀតបន្ថែមទៀត កាលពីថ្ងៃទី៣ ខែតុលា នៅចំណុចភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ។

មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឱ្យដឹងនៅថ្ងៃទី៤ ខែតុលា ថា៖ ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានឆ្លងអូរព្រំដែនចូលទៅក្នុងប្រទេសថៃ យកទំនិញចូលក្នុងភូមិសាស្រ្តស្រុកម៉ាឡៃពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមទាំងវត្ថុតាងពាក់ព័ន្ធ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវពង្រីកលាតសន្ធឹងរកបក្ខពួក និងអ្នកពាក់ព័ន្ធផ្សេងទៀត ព្រមទាំងមេខ្លោងដែលនៅពីក្រោយខ្នង៕

Share.