សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធ អតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥ នាព្រឹកថ្ងៃទី៥ខែតុលាឆ្នាំ២០២៦នេះបានជំរុញឲ្យសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) បន្តរួមគ្នាថែរក្សា និងលើកកម្ពស់តម្លៃនៃសន្តិភាព ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងវិបុលភាពរបស់តំបន់។

ថ្លែងចំពោះមុខតំណាងអតីតយុទ្ធជានដែលអញ្ជើញមកពីតាមបណ្តាប្រទេសជាសមាជិកអាស៊ាន សម្តេចធិបតី បានសង្កត់ធ្ងន់ពីសារសំឃាន់នៃការពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជននៃបណ្ដាប្រទេសអាស៊ាន ដោយសម្តេចបានលើកទឹកចិត្ត VECONAC ឱ្យបន្តបម្រើការជាស្ពាន និងផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងការអនុវត្តល្អបំផុត ខណៈពេលដែលលើកកម្ពស់កម្មវិធី និងគម្រោងរួមគ្នាដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់អតីតយុទ្ធជន។

ជាមួយគ្នានេះ សម្តេចបានជំរុញអោយមានការលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនជាអ្នកអប់រំសន្តិភាព និងជាស្ពានតភ្ជាប់អតីតកាលទៅបច្ចុប្បន្ន និងអនាគត។ បទពិសោធន៍របស់អតីតយុទ្ធជន បម្រើជាមេរៀនប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ។ VECONAC គួរតែលើកទឹកចិត្តការចែករំលែកបទពិសោធន៍ និងការយល់ដឹងអំពីតម្លៃនៃសន្តិភាព ការផ្សះផ្សា សាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមកដល់យុវជន។

ក្នុងពិធីនោះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តសមាគមជាសមាជិកទាំងអស់ឱ្យបន្តប្រកាន់ខ្ជាប់នូវតម្លៃស្នូលរបស់ VECONAC រួមមានកិច្ចសហប្រតិបត្តិការ ការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងក្តីមេត្តាធម៌ផងដែរ៕

អត្ថបទ៖ត្រយង

Share.