ភូកេត៖ ថៃកំពុងរងការរិះគន់យ៉ាងខ្លាំងជុំវិញការបើកដៃ និងសម្រួលទឹកដីរបស់ខ្លួនឱ្យក្លាយជា «ស្ថានីយសាកថ្ម» ឬកន្លែងស្តារកម្លាំង និងលម្ហែកាយសម្រាប់កងទ័ពសហរដ្ឋអាមេរិក ភ្លាមៗបន្ទាប់ពីពួកគេបានបញ្ចប់បេសកកម្មយោធាយ៉ាងតានតឹងនៅតំបន់មជ្ឈិមបូព៌ា និងជុំវិញជម្លោះជាមួយអ៊ីរ៉ង់។

យោងតាមការបញ្ជាក់ពីកងទ័ពជើងទឹកអាមេរិក នាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ USS George H.W. Bush រួមជាមួយក្រុមនាវាអមដំណើរ បានចូលចតនៅកោះភូកេត កាលពីថ្ងៃទី៤ ខែតុលា ដោយដឹកនាំនាវិក និងកងកម្លាំងប្រមាណ ៤,៨០០នាក់ មកសម្រាកលម្ហែកាយរហូតដល់ថ្ងៃទី៩ ខែតុលា។ ការមកដល់នេះ ធ្វើឡើងបន្ទាប់ពីកងទ័ពទាំងនោះបានបំពេញប្រតិបត្តិការយោធា Epic Fury និងយុទ្ធនាការបិទផ្លូវទឹកនៅមជ្ឈិមបូព៌ាអស់រយៈពេល ៦ខែ ស្ថិតក្រោមបញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM)។

ភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា កោះភូកេតគឺជាកំពង់ផែដំបូងគេដែលក្រុមនាវាវាយប្រហារ USS George H.W. Bush បានចូលចត ចាប់តាំងពីបានចាកចេញពីសហរដ្ឋអាមេរិកកាលពីខែមីនា។ នាវាខ្នាតយក្សនេះបានបោះយុថ្កានៅឆ្នេរសមុទ្រ ខណៈដែលក្រុមនាវិកត្រូវបានដឹកជញ្ជូនតាមទូកតូចៗចូលមកកាន់ដីគោក តាមរយៈកំពង់ផែទឹកជ្រៅភូកេត ដើម្បីក្រេបយកការកម្សាន្ត និងស្តារកម្លាំងកាយចិត្ត។
ការមកដល់នៃនាវា USS George H.W. Bush នេះ មិនមែនជាព្រឹត្តិការណ៍ដាច់ដោយឡែកនោះឡើយ។ កាលពីខែមុន នាវាផ្ទុកយន្តហោះអាមេរិកមួយគ្រឿងទៀត គឺ USS Abraham Lincoln ក៏បានដឹកនាំកងនាវិក និងកងម៉ារីនប្រមាណ ៥,ស្ទើរ ៥,០០០នាក់ មកចូលចតរយៈពេល ៥ថ្ងៃ នៅកំពង់ផែឡែមឆាបាំង (Laem Chabang) ជិតទីក្រុងប៉ាតាយ៉ា (Pattaya) ផងដែរ។

វត្តមានរបស់កងទ័ពអាមេរិករាប់ពាន់នាក់នៅតំបន់ឆ្នេរប៉ាតាយ៉ា និងកោះភូកេតជាបន្តបន្ទាប់ ត្រូវបានអ្នកវិភាគមើលឃើញថា ជាការស្តែងចេញយ៉ាងច្បាស់ពីចរិតប្រជាភិថុតិ និងការតម្កល់ផលប្រយោជន៍ទឹកប្រាក់ជាធំរបស់អាជ្ញាធរថៃ។ ទោះបីជាការចូលចតនីមួយៗត្រូវបានគេប៉ាន់ស្មានថា អាចបង្កើតចំណូលសេដ្ឋកិច្ចពីការចាយវាយរបស់ទាហានអាមេរិកប្រមាណ ៣,០០០បាត (ជិត ៩០ដុល្លារ) ក្នុងម្នាក់ជារៀងរាល់ថ្ងៃក៏ដោយ ក៏វាក៏បានបង្កឱ្យមានការចោទសួរអំពីអធិបតេយ្យភាព និងការអនុញ្ញាតឱ្យទឹកដីថៃក្លាយជាកន្លែង «លម្ហែកាយ និងលាងសម្អាតភាពតានតឹង» នៃកងទ័ពបរទេស ដែលទើបតែដកដៃពីសមរភូមិសង្គ្រាម។
ទោះបីជាភាគីទាំងពីរព្យាយាមលើកកម្ពស់រូបភាពនៃ «កិច្ចសហប្រតិបត្តិការយោធាយ៉ាងជិតស្និទ្ធ» ក្នុងនាមជាសម្ព័ន្ធមិត្តតាមសន្ធិសញ្ញាតែមួយគត់របស់អាមេរិកនៅអាស៊ីអាគ្នេយ៍ដីគោកយ៉ាងណាក៏ដោយ ក៏មតិសាធារណៈនៅតែមើលឃើញថា ថៃកំពុងស្វាគមន៍កងទ័ពបរទេសដោយខ្វល់តែពីផលប្រយោជន៍សេដ្ឋកិច្ចមួយគ្រា និងបង្កើតរូបភាពសម្តែងសុវត្ថិភាពបិទបាំងរឿងអាស្រូវផ្ទៃក្នុងប៉ុណ្ណោះ៕

