ភ្នំពេញ៖ ក្នុងរយៈពេលត្រឹម ១០ថ្ងៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយសម្រេចបណ្ដេញជនបរទេសខុសច្បាប់សរុប ៤៩៤នាក់ ក្នុងនោះស្ត្រី ៥២នាក់ មកពី ២៨សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

ការបណ្ដេញចេញនេះ ធ្វើឡើងតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការចាត់តាំងដោយផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តអនុវត្តការបណ្ដេញជនបរទេសខុសច្បាប់ជាបន្តបន្ទាប់។



ជនបរទេសទាំង ២៨សញ្ជាតិ ដែលត្រូវបានបណ្ដេញចេញ រួមមាន កាមេរូន, កូឌឺវ័រ, កេនយ៉ា, ចិន, ចិនតៃវ៉ាន់, ជប៉ុន, តាជីគីស្ថាន, ថៃ, ទុយនេស៊ី, នីហ្សេរីយ៉ា, នេប៉ាល់, បង់ក្លាដេស, ប៉ាគីស្ថាន, បារាំង, ម៉ាឡេស៊ី, យូហ្គង់ដា, រុស្ស៊ី, វៀតណាម, ស៊ុយអែត, សេរ៉ាឡេអូន, ស្រីលង្កា, ហ្គាណា, ហ្វីលីពីន, អង់គ្លេស, ឥណ្ឌា, ឥណ្ឌូនេស៊ី, អាហ្វ្រិកខាងត្បូង និងអូស្ត្រាលី។

ក្នុងចំណោមនេះ ជនជាតិវៀតណាម ២៣នាក់ ក្នុងនោះស្ត្រី ៥នាក់ ត្រូវបានបណ្ដេញចេញ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមជើងហោះហើរពិសេស និងតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍។



ដោយឡែក ជនបរទេសផ្សេងទៀត ត្រូវបានបណ្ដេញចេញ បន្ទាប់ពីសមត្ថកិច្ចរកឃើញថា មានពាក់ព័ន្ធនឹងបទល្មើស និងការបំពានច្បាប់ជាច្រើនប្រភេទ ដូចជា ឆ្លងដែនខុសច្បាប់, បន្លំឯកសារ, ស្នាក់នៅដោយគ្មានលិខិតឆ្លងដែន, ចាប់ជំរិតទារប្រាក់, ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ឬ QR Code ក្លែងក្លាយ, ជួញដូរ និងប្រើប្រាស់គ្រឿងញៀន, ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិតេជោ។

ប្រតិបត្តិការនេះ គឺជាការអនុវត្តបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានបញ្ជាក់ជំហរថា កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ ប្រើប្រាស់ទឹកដីកម្ពុជាជាទីតាំងប្រព្រឹត្តសកម្មភាពឆបោក ឬបទល្មើសដែលអាចបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។

ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងបន្តពង្រឹងការបង្ក្រាបឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដោយផ្តោតលើការស្រាវជ្រាវរកមេខ្លោង បង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស និងជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងអាចវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញដោយសុវត្ថិភាព៕

Share.