ភ្នំពេញ៖ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានចុះស្រាវជ្រាវ ត្រួតពិនិត្យ និងបង្ការទប់ស្កាត់សកម្មភាពក្រុមក្មេងទំនើងលេងដុតផាវ បង្កការរំខានដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានលោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ ដឹកនាំកម្លាំង ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។

ក្នុងប្រតិបត្តការណ៍នេះដែរ សមត្ថកិច្ចបានចុះអប់រំណែនាំតាមទីតាំងលក់ដូរអីវ៉ាន់ចាប់ហួយចំនួន ១០ទីតាំង ព្រមទាំងបានស្រាវជ្រាវតាមដានយុវជន១៥នាក់ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញ និងដកហូតផាវប្រភេទគ្រាប់បែកចំនួន ១០៥គ្រាប់ និងដែកកេះចំនួន ៥ ពាក់ព័ន្ធនឹងសកម្មភាពដុតផាវបង្កការរំខានក្នុងមូលដ្ឋាន។

ក្រោយការត្រួតពិនិត្យ សមត្ថកិច្ចបានដកហូតវត្ថុទាំងនោះយកមករក្សាទុក ព្រមទាំងបានអញ្ជើញអាណាព្យាបាលរបស់យុវជនមកទទួល និងធ្វើកិច្ចសន្យាអប់រំ ដើម្បីឱ្យអាណាព្យាបាលបន្តអប់រំកូនចៅ និងបញ្ឈប់សកម្មភាពដុតផាវដែលអាចបង្កការរំខាន និងប៉ះពាល់ដល់សុវត្ថិភាពសាធារណៈ។

សមត្ថកិច្ចខណ្ឌព្រែកព្នៅបញ្ជាក់ថា នឹងបន្តយកចិត្តទុកដាក់ចុះបង្ការ និងទប់ស្កាត់សកម្មភាពក្មេងទំនើងលេងដុតផាវ ជាពិសេសក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមសហការ ផ្តល់ព័ត៌មានអំពីសកម្មភាពក្មេងទំនើងលេងដុតផាវ ឬសកម្មភាពដែលបង្កការរំខានដល់សហគមន៍ ដើម្បីឱ្យសមត្ថកិច្ចអាចចុះអនុវត្តវិធានការជាក់ស្តែង និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា៕

Share.