ភ្នំពេញ៖ ទោះព្រះរាជាណាចក្រកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទី២៧ «ឆយវ៉ាន» (Choi-wan) T2627 ក៏ដោយ ឥទ្ធិពលរបស់ព្យុះនៅតែបន្តលើរបបខ្យល់មូសុងនិរតី ដែលអាចធ្វើឱ្យតំបន់ជាច្រើនក្នុងប្រទេសមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅ តំបន់វាលទំនាប សីតុណ្ហភាពអប្បបរមាជាមធ្យម ២៥អង្សាសេ និងអតិបរមា ៣៣អង្សាសេ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់ប្រមាណ ៥០%នៃផ្ទៃដី។

ចំណែក តំបន់ខ្ពង់រាប អាចប្រឈមស្ថានភាពធាតុអាកាសសកម្មជាងគេ ដោយអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់ប្រមាណ ៦០%នៃផ្ទៃដី។ តំបន់ដែលរងឥទ្ធិពលរួមមាន ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រមទាំងជួរភ្នំដងរែក និងជួរភ្នំក្រវាញ។ សម្រាប់ តំបន់មាត់សមុទ្រ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ក៏អាចមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់ប្រមាណ ៤០%នៃផ្ទៃដី ខណៈរលកសមុទ្រមានកម្ពស់មធ្យមចាប់ពី ០,៥០ម៉ែត្រ ដល់ ១,៧៥ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ស្ថានភាពខាងលើកើតឡើងដោយសារឥទ្ធិពលព្យុះ «ឆយវ៉ាន» លើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងកម្ពុជា។ ដូច្នេះសូមសាធារណជនគួរបន្តយកចិត្តទុកដាក់ចំពោះការប្រែប្រួលអាកាសធាតុ ជាពិសេសនៅពេលមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដើម្បីបង្ការហានិភ័យដែលអាចកើតមាន៕

Share.