ក្រចេះ ៖ ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី៤ និងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ កម្លាំងខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ រួមជាមួយកម្លាំងអធិការរដ្ឋានរដ្ឋបាលជលផលមេគង្គ កម្លាំនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត គណៈកម្មការស្រុកដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រស្រុកឆ្លូង ខេត្តក្រចេះ រឹបអូសបានឧបករណ៍នេសាទ មួយចំនួនធំ និងបំផ្លាញចោល ។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់រួមមាន ៖ ដាយចាប់ត្រីចំនួន៨វង់ ក្នុងដាយនីមួយៗមានមុខទំហំ៧ម៉ែត្រ-១៥ម៉ែត្រ បណ្តោយប្រវែង៤០ម៉ែត្រ-៦០ម៉ែត្រ និងក្រឡាទំហំ២ម-៩សម , ខ្សែពួរ ប្រវែង២៥០ម ,ធុងជ័រចំនួន៤គ្រឿង ,កានជ័រចំនួន៧គ្រឿង ,និងបានដកហូតឧបករណ៍ដាយចាប់ត្រី១វង់ ទំហំមុខ៧ម៉ែត្រ បណ្តោយ៤០ម៉ែត្រ ក្រឡាទំហំ២សម-៧សម យកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលក្រចេះ ដើម្បីរង់ចាំសុំគោលការណ៍សម្រេចពីថ្នាក់ដឹកនាំ ព្រមទាំងបានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ១៥០គីឡូក្រាមចូលទៅក្នុងដែនទឹកធម្មជាតិវិញ ។

Share.