នៅក្នុងបណ្តាប្រទេសដែលអភិវឌ្ឍ និងមានសេដ្ឋកិច្ចជឿនលឿន នៅគ្រប់វិស័យសេវាកម្ម មិនថាតែនៅក្នុងភោជនីយដ្ឋាន ឬស្ថាប័នឯកជននោះទេ «លុយធីប» (Tip) ឬប្រអប់ទឹកចិត្ត គឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយក្នុងការជំរុញ និងលើកទឹកចិត្តបុគ្គលិកឱ្យផ្តល់សេវាកម្មកាន់តែរហ័សរហួន និងប្រកបដោយស្នាមញញឹម។ ចុះហេតុអ្វីបានជាយើងមិនសាកល្បងយកទម្រង់សាមញ្ញនេះ មកបន្សាំ និងអនុវត្តនៅក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ តាមរយៈការបង្កើត «ប្រអប់សមធម៌» នៅតាមការិយាល័យផ្តល់សេវាឱ្យពលរដ្ឋ ដើម្បីលុបបំបាត់វប្បធម៌កិកកុក លួចលាក់រកលុយក្រៅផ្លូវការ?

ជាការពិតណាស់ មន្ត្រីរាជការដែលបម្រើការងារនៅតាមច្រកសេវាសាធារណៈ គឺមានតួនាទីជាអ្នកផ្តល់សេវា មិនខុសពីបុគ្គលិកបម្រើសេវាកម្មក្នុងវិស័យឯកជននោះឡើយ។ វិបត្តិនៃការរអ៊ូរទាំរឿងសេវាយឺតយ៉ាវ និងការកិកកុកដើម្បីចង់រត់ការក្រៅផ្លូវការកន្លងមក គឺកើតចេញពីការខ្វះខាតយន្តការលើកទឹកចិត្តដល់មន្ត្រីដែលខិតខំធ្វើការ។ ប្រសិនបើយើងអាចផ្លាស់ប្តូរទម្លាប់ពីការបង្ខំឱ្យពលរដ្ឋបង់លុយក្រោមតុ មកជាការផ្តល់សេវាដ៏រហ័សរហួន ត្រឹមត្រូវ និងមានប្រសិទ្ធភាពវិញនោះ យន្តការ «ប្រអប់សមធម៌» នឹងក្លាយជាដំណោះស្រាយឈ្នះ-ឈ្នះមួយ។ កាលណាពលរដ្ឋមិនខាតពេលវេលា និងមិនឈឺក្បាលនឹងរឿងរត់លិខិតស្នាមចុះឡើងៗ ម្ដងជាពីរដង ឬត្រូវធ្វើការដដែលៗ ពួកគេប្រាកដជាមានសេចក្តីត្រេកអរ និងពេញចិត្តនឹងទម្លាក់ប្រាក់រង្វាន់បន្ថែមលើសពីតម្លៃសេវាផ្លូវការ (តម្លៃសេវារបស់រដ្ឋ) ចូលទៅក្នុងប្រអប់សមធម៌នោះដោយស្ម័គ្រចិត្ត ក្រោយបង់តម្លៃសេវាផ្លូវការរួច ដើម្បីបង្ហាញទឹកចិត្តដឹងគុណដល់មន្ត្រីដែលខិតខំបំពេញការងារ ដើម្បីដោះស្រាយបញ្ហាឱ្យពួកគេបានទាន់ពេលវេលា និងមិនស្មុគស្មាញ។

ការបង្កើត «ប្រអប់សមធម៌» នេះ មិនមែនជាទម្រង់ខុសច្បាប់ ឬជាការបង្ខិតបង្ខំនោះទេ ព្រោះវាកើតចេញពីសទ្ធា និងការពេញចិត្តពិតប្រាកដរបស់រាស្ត្រ ហើយក៏គ្មានមន្ត្រីណាម្នាក់ទៅចាប់ដៃបង្ខំឱ្យពលរដ្ឋដាក់ប្រាក់ចូលក្នុងប្រអប់នោះដែរ។ អ្វីដែលជាចំណុចស្នូល និងភាពយុត្តិធម៌នៃប្រព័ន្ធនេះគឺ «ការបើកប្រអប់ចែកស្មើគ្នាតាមឋានានុក្រម និងតួនាទីនៅចុងខែ»។ យន្តការនេះនឹងបង្កើតជាវប្បធម៌ការងារជាក្រុម និងការត្រួតពិនិត្យគ្នាទៅវិញទៅមក។ មន្ត្រីម្នាក់ៗនឹងប្រឹងប្រែងធ្វើការងារឱ្យបានលឿនដូចៗគ្នា និងជួយដាស់តឿនមិត្តរួមការងារមិនឱ្យខ្ជិលច្រអូស ឬធ្វើមុខស្ងួតដាក់ពលរដ្ឋឡើយ ព្រោះគ្រប់គ្នាដឹងថា បើមន្ត្រីណាម្នាក់ធ្វើឱ្យពលរដ្ឋមិនពេញចិត្ត នោះប្រាក់សមធម៌ក្នុងប្រអប់រួមសម្រាប់ចែកគ្នានឹងត្រូវធ្លាក់ចុះ។

ការផ្តល់សេវាកម្មប្រកបដោយតម្លាភាព និងការជួយសម្រួលដល់ពលរដ្ឋបានល្អបែបនេះ មិនត្រឹមតែបង្ហាញពីការធ្វើការងារប្រកបដោយភាពឆ្លាតវៃរបស់មន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសោរគន្លឹះក្នុងការទម្លុះរាល់បញ្ហាជាប់គាំងទាំងឡាយ ដែលធ្លាប់តែបង្កការរាំងស្ទះដល់កិច្ចការអនុវត្តច្បាប់ និងរដ្ឋបាល ឱ្យអាចដំណើរការទៅបានយ៉ាងរលូនផងដែរ។ នៅក្នុងបណ្តាប្រទេសដែលអភិវឌ្ឍលឿន ដូចជានៅក្នុងសហគមន៍អឺរ៉ុបជាដើម ការផ្តល់សេវាសាធារណៈដែលមានភាពរហ័សរហួន និងគ្មានការកកស្ទះ គឺជាសរសៃឈាមដ៏សំខាន់បំផុត។ កាលណាសេវារដ្ឋបាលដើររលូន វានឹងជួយជំរុញឱ្យគ្រប់ផ្នែកទាំងអស់ក្នុងសង្គម ទាំងវិស័យពាណិជ្ជកម្ម វិនិយោគ និងជីវភាពរស់នៅរបស់ប្រជាជន ដើរទៅមុខយ៉ាងលឿនស្លេវដូចគ្នា។
ដល់ពេលហើយ ដែលថ្នាក់ដឹកនាំ និងអ្នករៀបចំគោលនយោបាយ គួរតែងាកមកពិចារណាលើការបង្កើត «ប្រអប់សមធម៌» នេះ ធ្វើជាធាតុចូលក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។ ការផ្លាស់ប្តូរផ្នត់គំនិតមន្ត្រីពី «អ្នករង់ចាំកិកកុកយកលុយក្រោមតុ» មកជា «អ្នកប្រជែងគ្នាផ្តល់សេវាល្អដើម្បីយកលុយលើតុ» នឹងប្រែក្លាយស្ថាប័នរដ្ឋឱ្យទៅជាកន្លែងដែលពលរដ្ឋដើរចេញទៅវិញដោយស្នាមញញឹម ចំណែកឯមន្ត្រីរាជការក៏មានជីវភាពធូរធារ និងបំពេញការងារដោយមោទនភាពជាតិពិតប្រាកដ។
«តើយើងគួររក្សាប្រព័ន្ធការងារដែលបង្ខំឱ្យពលរដ្ឋហុចលុយក្រោមតុទាំងទឹកមុខជូរចត់ ឬក៏ដល់ពេលដែលយើងត្រូវបង្កើតប្រព័ន្ធ “ប្រអប់សមធម៌” ដើម្បីឱ្យមន្ត្រីប្រឹងប្រែងធ្វើការងារ រីឯពលរដ្ឋក៏ផ្តល់ជូនវិញដោយស្នាមញញឹម?»
អត្ថបទ៖ ទស្សៈស្មេរ
ប្រសិនបើប្រិយមិត្តមានបទវិភាគ អត្ថបទទស្សនៈ ឬមតិស្ថាបនាជុំវិញបញ្ហាសង្គម និងការកែលម្អសេវាសាធារណៈ សូមផ្ញើអត្ថបទរបស់លោកអ្នកមកកាន់សារព័ត៌មាន ត្រយង តាមរយៈ Telegram៖ 099 588 880 ទំនាក់ទំនងទូរស័ព្ទ៖ 066 999 434 ឬទំព័រហ្វេសប៊ុកផ្លូវការ Troryorng News។ យើងខ្ញុំរង់ចាំទទួល និងសហការផ្សព្វផ្សាយរាល់ទស្សនៈស្ថាបនាដើម្បីសង្គមយើង!

