ភ្នំពេញ៖ នៅថ្ងៃទៅ០៧ ខែតុលា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តី បំភ្លឺជុំវិញករណីស្វែងរកបុគ្គលជនជាតិអូស្ត្រាលីម្នាក់ និងជនជាតិន័រវែសម្នាក់ ដោយបញ្ជាក់ថា អាជ្ញាធរកម្ពុជាបានចាត់វិធានការស្រាវជ្រាវជាបន្ទាន់ បន្ទាប់ពីទទួលបានសំណើពីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ប៉ុន្តែកម្ពុជាមិនបានចាប់ខ្លួន ឬបញ្ជូនបុគ្គលទាំងពីរទៅឱ្យសមត្ថកិច្ចវៀតណាមនោះឡើយ។

តាមក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលសំណើសុំកិច្ចអន្តរាគមន៍ពីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ពាក់ព័ន្ធនឹងការបាត់ខ្លួនបុគ្គលឈ្មោះ TRAN HIEP ដែលកាន់លិខិតឆ្លងដែនអូស្ត្រាលីលេខ RA 108 82 35។ នៅយប់ថ្ងៃដដែល ក្រសួងមហាផ្ទៃក៏ទទួលបានព័ត៌មានបន្ថែមថា បុគ្គលម្នាក់ទៀតឈ្មោះ NGUYEN THUAN DUC កាន់លិខិតឆ្លងដែនន័រវែសលេខ CFC 9603 92 ក៏បានបាត់ដំណឹងទាក់ទងជាមួយក្រុមគ្រួសារ ចាប់តាំងពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ផងដែរ។

ក្រោយទទួលបានព័ត៌មាននេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាកម្លាំងជំនាញឱ្យបើកការស្រាវជ្រាវ និងស៊ើបអង្កេតជាបន្ទាន់ ដោយផ្អែកលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីផ្ទៀងផ្ទាត់អំពីដំណើររបស់បុគ្គលទាំងពីរ។ ជាលទ្ធផល តាមទិន្នន័យរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បុគ្គល ត្រាន់ហ៊ាប និង ង្វៀន ទួនឌឹក ពិតជាបានធ្វើដំណើរចូលមកកម្ពុជាពីប្រទេសថៃ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយប្រើជើងហោះហើរលេខ K6723។

ទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងអន្តោប្រវេសន៍ ក៏បង្ហាញថា បុគ្គលទាំងពីរមិនទាន់មានកំណត់ត្រាចាកចេញពីប្រទេសកម្ពុជានៅឡើយទេ។ ដោយផ្អែកលើព័ត៌មាននេះ កម្លាំងជំនាញកម្ពុជាបានបន្តស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។ ទោះជាយ៉ាងណា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចក្រសួងនគរបាលវៀតណាម បានប្រកាសជាសាធារណៈថា ខ្លួនបានឃាត់ខ្លួនមនុស្សចំនួន៣នាក់ រួមមាន TRAN HIEP ជនជាតិអូស្ត្រាលី, NGUYEN THUAN DUC ជនជាតិន័រវែស និង (THAI CONG TRUONG SON ជនជាតិវៀតណាម កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២១:៥០នាទី នៅប៉ុស្តិ៍ការពារព្រំដែន Mỹ Quý Tây ខេត្ត Tây Ninh។

តាមព័ត៌មានរបស់សមត្ថកិច្ចវៀតណាម បុគ្គលទាំង៣នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការឆ្លងដែនចូលប្រទេសវៀតណាមដោយខុសច្បាប់ និងត្រូវបានចោទប្រកាន់ថា ជាសមាជិកអង្គការភេរវកម្ម Việt Tân ។ បច្ចុប្បន្ន ពួកគេត្រូវបានឃុំខ្លួននៅប្រទេសវៀតណាម ដើម្បីបន្តការស៊ើបអង្កេត។ ជុំវិញករណីនេះ ក្រសួងមហាផ្ទៃកម្ពុជា បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា អាជ្ញាធរកម្ពុជាមិនបានចាប់ខ្លួន និងមិនបានបញ្ជូនបុគ្គលខាងលើទៅឱ្យសមត្ថកិច្ចវៀតណាមឡើយ។ សូមជម្រាបថា ការបំភ្លឺនេះធ្វើឡើងដើម្បីបញ្ជាក់ពីស្ថានភាពជាក់ស្តែង និងបំបាត់ការយល់ច្រឡំ ក៏ដូចជាលាងជម្រះកេរ៍្តឈ្មោះរបស់កម្ពុជា ជុំវិញករណីបាត់ដំណឹងរបស់ជនជាតិអូស្ត្រាលី និងន័រវែសទាំងពីរនាក់។

Share.