
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឡេ មិញហឹង (Lê Minh Hưng) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
នៅក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការនេះ ឯកឧត្តម ឡេ មិញហឹង នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត នៅក្នុងព្រះបរមរាជវាំង។

ទន្ទឹមនឹងនេះ ឯកឧត្តម ក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងចូលរួមជំនួបពិភាក្សាការងារទ្វេភាគីជាផ្លូវការជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។
ក្នុងជំនួបកំពូលទ្វេភាគីនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងផ្លាស់ប្តូរយោបល់លើការទាញយកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាការយកចិត្តទុកដាក់ និងជាប្រយោជន៍រួម។

ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ ឯកឧត្តម ឡេ មិញហឹង នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀតក្នុងការបន្ថែមទម្ងន់ដល់ទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ បញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការរឹតចំណងសាមគ្គីភាព និងធ្វើឱ្យកាន់តែលេចធ្លោឡើងនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែរឹងមាំ និងមានចីរភាព៕
