បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារសុវត្ថិភាពចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានចុះអប់រំ និងផ្សព្វផ្សាយច្បាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមដងផ្លូវ ក្នុងគោលបំណងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ។

សកម្មភាពអប់រំផ្សព្វផ្សាយនេះ បានធ្វើឡើងនៅចំណុចភ្លើងស្តុប លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយក្រុមការងារបានណែនាំ និងផ្សព្វផ្សាយដល់អ្នកធ្វើដំណើរឱ្យយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការគោរពច្បាប់ចរាចរណ៍ និងការប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរ។

ក្នុងឱកាសនោះ ក្រុមការងារក៏បានអំពាវនាវដល់អ្នកបើកបរ និងអ្នកធ្វើដំណើរទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន គោរពសិទ្ធិអ្នកដទៃ និងអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីធានាសុវត្ថិភាពសម្រាប់ខ្លួនឯង និងអ្នករួមដំណើរតាមដងផ្លូវ។ សកម្មភាពនេះ ក៏មានការចូលរួមសហការពី កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត និង សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ដែលបានរួមចំណែកក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ជូនដល់ប្រជាពលរដ្ឋ។

ការចុះអប់រំផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងចូលរួមបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីឱ្យការធ្វើដំណើរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រព្រឹត្តទៅដោយ សុវត្ថិភាព ៕


