
បន្ទាយមានជ័យ ៖ ថ្មីៗនេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដំឡើងកម្ដៅពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែស្អិតល្មួត តាមរយៈជំនួបពិភាក្សាការងាររវាង លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាមួយតំណាងភ្នាក់ងារស៊ើបអង្កេតប្រព័ន្ធផ្សព្វផ្សាយសហព័ន្ធអាមេរិក (FBI) ដើម្បីរួមគ្នាលុបបំបាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យអស់ពីដែនដីខេត្តជាប់ព្រំដែនមួយនេះ។
ជំនួបដ៏មានសារៈសំខាន់ជាមួយស្ថាប័នអនុវត្តច្បាប់អន្តរជាតិ FBI នាពេលនេះ គឺជាជំហានថ្មីមួយទៀតក្នុងការឆ្លើយតបទៅនឹងផែនការ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដែលស្នងការខេត្តធ្លាប់បានដាក់ចេញកាលពីពេលកន្លងទៅ សំដៅប្រែក្លាយខេត្តបន្ទាយមានជ័យឱ្យទៅជាតំបន់ប្រាសចាកពីបទល្មើសបច្ចេកវិទ្យា។

គួររំលឹកបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ធ្លាប់បានដឹកនាំកិច្ចប្រជុំពិសេសមួយនៅសាលប្រជុំ (ក) នៃស្នងការដ្ឋាននគរបាលខេត្ត ដោយមានការចូលរួមពី លោក លោកស្រី ឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយ-នាយរងការិយាល័យជំនាញ ព្រមទាំងអធិការ និងអធិការរងនគរបាលមកពីក្រុង-ស្រុកទាំង៩ ទូទាំងខេត្ត។
នៅក្នុងកិច្ចប្រជុំនាពេលនោះ លោកឧត្តមសេនីយ៍ត្រីបានប្រកាសបង្កើត «ក្រុមការងារដឹកនាំក្រុមប្រតិបត្តិការចុះបង្ក្រាប ស្រាវជ្រាវ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» និងបានដាក់ចេញនូវបទបញ្ជាស្រួចស្រាវដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវបង្កើនការបង្ការ និងបោសសម្អាតបទល្មើស Online Scams ឱ្យបានស្អាតល្អ។

បន្ថែមពីលើនេះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ក៏បានក្រើនរំលឹក និងផ្តាំផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវការគោរពច្បាប់ គោរពវិន័យកងកម្លាំង និងយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនឱ្យបានល្អប្រសើរបំផុត ដើម្បីធានាឱ្យប្រតិបត្តិការលុបបំបាត់បទល្មើសឆបោកតាមអនឡាញនេះ ទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់បំផុតជូនប្រជាពលរដ្ឋ និងសង្គមជាតិ៕
