ក្រសួងបរិស្ថាន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្រមព្រៀងគ្នាក្នុងការប្រមូលផ្តុំកិច្ចសហប្រតិបត្តិការលើការអភិរក្សតំបន់ការពារធម្មជាតិ ការពារព្រៃកោងកាង និងពូជក្តាមនៅតាមតំបន់ឆ្នេរ ព្រមទាំងជំរុញការវិនិយោគបៃតង និងការអភិវឌ្ឍទីផ្សារឥណទានកាបូនប្រកបដោយតម្លាភាព ដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុ និងឆ្ពោះទៅសម្រេចគោលដៅអព្យាក្រឹតកាបូនរបស់កម្ពុជានៅឆ្នាំ២០៥០។

ការលើកឡើងនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសនៃធនាគារ ADB ប្រចាំកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។ ក្នុងជំនួបនោះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើកិច្ចសហការអភិរក្សប្រព័ន្ធអេកូឡូស៊ី និងការបង្កើតភាពធន់នឹងការប្រែប្រួលអាកាសធាតុជូនប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងធានាសន្តិសុខស្បៀងយូរអង្វែង ឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ADB ដែលជាដៃគូអភិវឌ្ឍន៍យុទ្ធសាស្ត្រដ៏សំខាន់ ដោយបញ្ជាក់ថា កម្ពុជាកំពុងជំរុញយ៉ាងសកម្មនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន តាមរយៈយុទ្ធនាការកម្ពុជាស្អាត ការបង្កើនគម្របបៃតងដោយការដាំដើមឈើឡើងវិញ ការគ្រប់គ្រងសំណល់ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

ជាការឆ្លើយតប លោកស្រី Yasmin Siddiqi បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជាពិសេសការដាស់ស្មារតីយុវជន និងសិស្សានុសិស្សឱ្យចូលរួមក្នុងយុទ្ធនាការបរិស្ថានស្អាត។ លោកស្រីបានប្តេជ្ញាថា ADB នឹងបន្តផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញប្បទាន ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍បៃតង និងសន្តិសុខស្បៀងនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕

Share.