ហេតុការណ៍ប៉ះទង្គិចពាក្យសម្តីយ៉ាងតឹងសសៃ ក រហូតឈានដល់ការប្រើអំពើហិង្សារវាង YouTuber កូរ៉េខាងត្បូងម្នាក់ និងអ្នករត់ម៉ូតូកង់បីនៅទីក្រុងបាងកក ប្រទេសថៃ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីបញ្ហាប្រឈមរវាង «សិទ្ធិក្នុងការថតរូប ឬ វីដេអូនៅទីសាធារណៈរបស់អ្នកទេសចរ» និង «សិទ្ធិឯកជនភាពរបស់ប្រជាជនមូលដ្ឋាន»។

វីដេអូដែលបានផ្សាយផ្ទាល់ដោយ YouTuber ឈ្មោះ TAEMIN1998 បានបង្ហាញពីជម្លោះតឹងសរសៃ ក ដាក់គ្នា បន្ទាប់ពីអ្នករត់ម៉ូតូកង់បីថៃបានចោទសួរថា រូបគេកំពុងលួចថតរូបលោក។ ទោះបីជា YouTuber រូបនោះបានពន្យល់ថា ខ្លួនកំពុងថតតែមុខខ្លួនឯងក៏ដោយ ប៉ុន្តែអ្នករត់ម៉ូតូកង់បីបានដេញ និងបញ្ជាឱ្យឈប់ថតជាដាច់ខាត។ បន្ទាប់មក ស្ថានការណ៍បានវិវត្តទៅជាអាក្រក់ ដោយមានការទះតប់ទៅលើផ្ទៃមុខរបស់ YouTuber និងមានបុរសម្នាក់ទៀតចូលមកជួយវាយបន្ថែម ដែលធ្វើឱ្យមហាជនជាច្រើនផ្ទុះការរិះគន់យ៉ាងខ្លាំង។

ជាការពិត ច្បាប់នៅប្រទេសថៃអនុញ្ញាតឱ្យមានការថតរូបនៅទីសាធារណៈ ប៉ុន្តែវាមិនមែនជាការផ្តល់សិទ្ធិស្វ័យប្រវត្តិនូវការថត ឬឡាយវីដេអូចំមុខអ្នកដទៃដោយគ្មានការអនុញ្ញាតនោះឡើយ ជាពិសេសនៅពេលដែលសាម៉ីខ្លួនបានបដិសេធមិនឱ្យថត។ ការដើរថតគេជិតៗ ឬយកអ្នកដទៃធ្វើជា «តួសម្តែងឥតព្រាងទុក» ក្នុងវីដេអូរបស់ខ្លួន គឺជាទង្វើខ្វះការយល់ដឹង និងមិនគោរពភាពឯកជនរបស់ម្ចាស់ស្រុក ដែលទេសចរគ្រប់រូបគប្បីត្រូវប្រុងប្រយ័ត្ន។

យ៉ាងណាមិញ ថ្វីបើទង្វើរបស់ YouTuber អាចជារឿងរំខាន ឬខ្វះការប្រុងប្រយ័ត្នក៏ដោយ ប៉ុន្តែការឆ្លើយតបដោយអំពើហិង្សារបស់អ្នករត់ម៉ូតូកង់បីថៃ គឺជាសកម្មភាពដែលមិនអាចយកជាលេសមកសម្រួលបានឡើយ។ ភាពរួសរាយរាក់ទាក់ និងស្នាមញញឹមរបស់ប្រទេសថៃ មិនគួរត្រូវបានមើលរំលងដោយសារតែជម្លោះតូចតាចដែលដោះស្រាយដោយកណ្តាប់ដៃបែបនេះទេ។

ហេតុការណ៍នេះបានក្លាយជាមេរៀនដ៏សំខាន់មួយសម្រាប់ទាំងភ្ញៀវទេសចរ និងប្រជាជនម្ចាស់ផ្ទះ ក្នុងការរៀនសូត្រពីការគោរពគ្នាទៅវិញទៅមក ដោយអ្នកទេសចរត្រូវចេះទម្លាក់កាមេរ៉ាចុះនៅពេលមានការតវ៉ា ហើយម្ចាស់ស្រុកក៏ត្រូវចេះអត់ធ្មត់ និងជៀសវាងការប្រើហិង្សាក្នុងការដោះស្រាយបញ្ហាផងដែរ៕

