កំពង់ធំ៖ ក្រុមក្មេងទំនើងចំនួន៩នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់ស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃាត់ខ្លួននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីបើកការស្រាវជ្រាវអស់រយៈពេល១៦ថ្ងៃ ពាក់ព័ន្ធករណីគប់ដុំថ្មលើក្មេងស្រីអាយុ៨ឆ្នាំម្នាក់ បណ្តាលឱ្យរងរបួសក្បាលធ្ងន់ធ្ងរ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង២០៖៤៧នាទី នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៨៤-១៨៥ ស្ថិតក្នុងភូមិឫស្សីជះ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ មុនពេលកើតហេតុ ក្រុមជនសង្ស័យចំនួន៧នាក់ ជិះម៉ូតូ៣គ្រឿង បានធ្វើសកម្មភាពគប់ដុំថ្មទៅលើក្មេងស្រីឈ្មោះ ភូ ឈីងអ៊ី អាយុ៨ឆ្នាំ មានទីលំនៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខណៈកំពុងធ្វើដំណើរតាមដងផ្លូវ បណ្តាលឱ្យរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារខេត្តសៀមរាប។

ក្រោយកើតហេតុ ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល បានបើកការស៊ើបអង្កេត និងប្រើប្រាស់វិធានការជំនាញ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យសរុប៩នាក់ ដើម្បីចាត់ការតាមនីតិវិធី។

ជាមួយគ្នានេះ គ្រួសារជនរងគ្រោះ និងប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ស្រាវជ្រាវ និងស្វែងរកជនសង្ស័យ ដើម្បីនាំមកអនុវត្តតាមច្បាប់។ករណីនេះជាការរំឭកដល់មាតាបិតា និងអាណាព្យាបាល ឱ្យបង្កើនការយកចិត្តទុកដាក់លើការអប់រំកូនចៅ ជាពិសេសការប្រើអំពើហិង្សា និងការប្រព្រឹត្តអំពើដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ដើម្បីរួមចំណែករក្សាសន្តិសុខ និងសុវត្ថិភាពក្នុងសហគមន៍៕

