បាងកក ៖ កងទ័ពអាកាសថៃបានប្រកាសពីផែនការយ៉ាងយកចិត្តទុកដាក់ក្នុងការតាមដានការវិវត្តស្ថានការណ៍ជុំវិញការបង្កើតមូលដ្ឋានទ័ពអាកាសចិននៅឯតំបន់បានគុន (Ban Keun) ប្រទេសឡាវ។ ទីតាំងនេះត្រូវបានគេមើលឃើញថា អាចបម្រើឱ្យគោលបំណងសេដ្ឋកិច្ច នយោបាយ និងយោធា ដែលឆ្លុះបញ្ចាំងពីការពង្រីកឥទ្ធិពលរបស់មហាអំណាចនៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Khaosod English។

ថ្លែងនៅក្នុងបទបង្ហាញស្ដីពី អាទិភាពគោលនយោបាយឆ្នាំ ២០២៧-២០២៨ នៅឯសាលាកងទ័ពអាកាស ណាវ៉ាមិន្ដ្រា កាសាធិរាជ (Navaminda Kasatriyadhiraj) កាលពីថ្ងៃទី១២ ខែតុលា មេបញ្ជាការកងទ័ពអាកាសថៃ លោកឧត្តមសេនីយ៍ឯក Seksan Khantha បានបញ្ជាក់ថា ប្រទេសថៃចាំបាច់ត្រូវសង្កេតមើលសកម្មភាពពីខាងក្រៅ និងវិភាគឱ្យបានហ្មត់ចត់ចំពោះចេតនាពិតប្រាកដនៅពីក្រោយគម្រោងទាំងនេះ។

លោក បានសង្កត់ធ្ងន់ថា បញ្ហានេះមិនមែនកើតឡើងត្រឹមតែក្នុងប្រទេសឡាវនោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយក្នុងតំបន់ក្នុងរយៈពេល ៥ ទៅ ១០ឆ្នាំចុងក្រោយនេះ ដែលមហាអំណាចនីមួយៗខិតខំការពារផលប្រយោជន៍ និងពង្រីកឥទ្ធិពលរបស់ខ្លួន។ ជាមួយគ្នានេះ លោកបានបន្ថែមថា ប្រទេសថៃមិនអាចធ្វើព្រងើយកន្តើយ ឬកាត់ផ្តាច់ខ្លួនចេញពីប្រទេសជិតខាងបានឡើយ ដោយតម្រូវឱ្យមានការសហការគ្នាយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាល ក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធ ដើម្បីការពារផលប្រយោជន៍ជាតិ និងរក្សាអព្យាក្រឹតភាពដោយមិនស្ថិតក្រោមឥទ្ធិពលនៃមហាអំណាចណាមួយឡើយ។

យ៉ាងណាម៉ិញ មជ្ឈមណ្ឌលហ្វឹកហ្វឺន និងគាំទ្ររួមគ្នារវាងចិន និងឡាវ ត្រូវបានបើកជាផ្លូវការកាលពីថ្ងៃទី២៩ ខែកញ្ញា កន្លងទៅ រួមជាមួយនឹងសាលាអាកាសចរណ៍មិត្តភាពចិន-ឡាវ។ ទោះបីជាក្រសួងការពារជាតិចិនបានអះអាងថា មជ្ឈមណ្ឌលនេះ បង្កើតឡើងដើម្បីជួយបណ្តុះបណ្តាលអាកាសយានិកឡាវ និងមិនមានគោលដៅយាយីភាគីទី៣ ណាមួយក៏ដោយ ក៏អ្នកវិភាគសន្តិសុខនៅតែមានការព្រួយបារម្ភអំពីការពង្រីកវត្តមានយោធារបស់ចិនក្នុងតំបន់អាស៊ីអាគ្នេយ៍ដដែល៕

