(ភ្នំពេញ)៖ នៅក្នុងបរិបទនៃការដេញដោលគ្នាយ៉ាងក្តៅគគុកលើបណ្តាញសង្គមរវាងតំណាងរាជរដ្ឋាភិបាល និងបុគ្គល អ៊ុំ សំអាន ជុំវិញបញ្ហាព្រំដែន និងការបង្កើតចលនានយោបាយផ្សេងៗនៅក្រៅប្រទេស លោកសាស្ត្រាចារ្យ ឥន្ទ សុផល បញ្ញវន្ត និងជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរដ៏លេចធ្លោមួយរូប បានចេញមុខពន្យល់យ៉ាងក្បោះក្បាយអំពីទិដ្ឋភាពច្បាប់អន្តរជាតិ ជុំវិញនិយមន័យនៃ «រដ្ឋាភិបាលស្របច្បាប់ »។ ជាមួយគ្នានោះ លោកសាស្ត្រាចារ្យក៏បានផ្តល់ជាទស្សនៈវិភាគថា រាជរដ្ឋាភិបាលកម្ពុជាមិនមានភាពចាំបាច់ណាមួយក្នុងការឆ្លើយតបជាផ្លូវការទៅនឹងលិខិតរបស់ក្រុមប្រឆាំងឡើយ ព្រោះការឆ្លើយតបមានន័យថាទទួលស្គាល់។

ការវិភាគដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០2៦ នេះ លោកសាស្ត្រាចារ្យ ឥន្ទ សុផល បានលាតត្រដាងថា យោងតាមច្បាប់អន្តរជាតិ រដ្ឋាភិបាលមួយដែលអាចចាត់ទុកថា «ស្របច្បាប់» ទៅបាន លុះត្រាតែបំពេញតាមលក្ខខណ្ឌគ្រឹះចំនួន ៣ សំខាន់ៗ រួមមាន៖
១. ការគ្រប់គ្រងមានប្រសិទ្ធភាព (Effective Control) – សំខាន់បំផុត រដ្ឋាភិបាល ត្រូវតែអាចគ្រប់គ្រង៖
• រាជធានី។
• ក្រសួង និងស្ថាប័នសាធារណៈ។
• គ្រប់គ្រងទឹកដីភាគច្រើន។
• កងកម្លាំងយោធា និងប៉ូលីស។
• ស្ថានភាពសន្តិសុខ និងរបៀបរៀបចំសណ្តាប់ធ្នាប់សង្គម។
• មានន័យថា: រដ្ឋាភិបាលដែល គ្រប់គ្រងប្រទេសបានពិតប្រាកដ ត្រូវបានចាត់ទុកថាមានសមត្ថភាពស្របច្បាប់។
២. ប្រភពអំណាច ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ (Constitutional Origin) រដ្ឋាភិបាលបានកើតឡើងតាមដំណើរការផ្លូវច្បាប់៖
• ការបោះឆ្នោតតាមរដ្ឋធម្មនុញ្ញ។
• ការប្តូរអំណាចស្របតាមច្បាប់។
• មិនមែនបានអំណាចតាមរយៈការធ្វើរដ្ឋប្រហារ។
• មានន័យថា: ប្រសិនបើរដ្ឋាភិបាលនោះកើតឡើងស្របតាមច្បាប់ក្នុងស្រុក នោះត្រូវបានគេចាត់ទុកថា “រដ្ឋាភិបាលស្របច្បាប់”។
៣. ការទទួលស្គាល់អន្ដរជាតិ (International Recognition) រដ្ឋាភិបាលមួយអាចកើតឡងបានលុះត្រាមានការទទួលស្គាល់ពីប្រទេសនានា ឬអន្តរជាតិ ត្រូវមាន៖
• ទំនាក់ទំនងការទូត។
• អាសនៈនៅអង្គការសហប្រជាជាតិ។
• សិទ្ធិចុះហត្ថលេខាលើសន្ធិសញ្ញា។
• ការទទួលស្គាល់ដោយអង្គការ តំបន់ (ASEAN, EU, AU…)។


បន្ថែមលើនេះ លោកសាស្ត្រាចារ្យបានគូសបញ្ជាក់ពីធាតុផ្សំគ្រឹះរបស់រដ្ឋ (State) តាមគោលការណ៍ច្បាប់អន្តរជាតិ ដែលតម្រូវឱ្យមានប្រជាជនជាក់លាក់ ទឹកដីមានព្រំដែនច្បាស់លាស់ រដ្ឋាភិបាលមានសិទ្ធិពេញលេញ និងមានសមត្ថភាពក្នុងការធ្វើទំនាក់ទំនងអន្តរជាតិ។
តាមរយៈការប្រៀបធៀបរបារច្បាប់ខាងលើ លោកសាស្ត្រាចារ្យ ឥន្ទ សុផល បានចោទសួរដេញដោលថា តើក្រុមប្រឆាំងដែលតាំងខ្លួនជារដ្ឋាភិបាល ២៣ តុលា អ្វីនោះ មានគ្រប់លក្ខខណ្ឌណាមួយក្នុងចំណោមលក្ខខណ្ឌទាំងនេះដែរឬទេ?
ផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិដ៏រឹងមាំនេះ លោកសាស្ត្រាចារ្យបានផ្តល់ជាធាតុចូល និងទស្សនៈបែបយុទ្ធសាស្ត្រថា រាជរដ្ឋាភិបាលកម្ពុជាមិនចាំបាច់ឆ្លើយតបទៅនឹងលិខិត ឬការទាមទាររបស់ក្រុមតាំងខ្លួនឯងទាំងនោះឡើយ ព្រោះការលូកដៃឆ្លើយតបអាចនឹងត្រូវគេយកទៅបកស្រាយថាជាការទទួលស្គាល់ដឹងឮដោយប្រយោល។ លោកសាស្ត្រាចារ្យបានសង្កត់ធ្ងន់ថា៖ «បើចង់ឆ្លើយតប គឺគួរទុកភារកិច្ចឱ្យខាងកិច្ចការព្រំដែនឆ្លើយតបចំពោះបុគ្គល ក្នុងនាមជាពលរដ្ឋខ្មែរតែប៉ុណ្ណោះ! ពុំមែនឆ្លើយតបទៅបុគ្គលដែលតាំងខ្លួនជាសមាជិករដ្ឋាភិបាលស្អីនោះទេ!»។
លោកសាស្ត្រាចារ្យ ឥន្ទ សុផល បានបញ្ចប់ការវិភាគដោយការរំលឹកជាថ្មីថា ព្រះរាជាណាចក្រកម្ពុជា មានរាជរដ្ឋាភិបាលកម្ពុជាតែមួយគត់ដែលស្របច្បាប់ ដឹកនាំប្រទេស និងតំណាងឱ្យជាតិទាំងមូលនៅលើឆាកអន្តរជាតិ ដោយគ្មានរដ្ឋាភិបាលទីពីរណាមួយមកបង្កើនភាពស្របច្បាប់តាមចិត្តនឹកឃើញនោះឡើយ៕

