ត្បូងឃ្មុំ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ៧០,៦៦៧នាក់ បានទៅដើរលេងកម្សាន្តនៅខេត្តត្បូងឃ្មុំ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ដោយចំនួននេះបានថយចុះ ១០,៨០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរសរុប ៧០,៦៦៧នាក់ មានភ្ញៀវទេសចរជាតិចំនួន ៧០,៦៤៥នាក់ និងភ្ញៀវទេសចរបរទេសចំនួន ២២នាក់។ ដោយឡែក ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ខេត្តទទួលបានភ្ញៀវទេសចរសរុបចំនួន ៧៩,១៩៥នាក់។
លោកបានបញ្ជាក់ថា ការថយចុះនៃចំនួនភ្ញៀវទេសចរនៅឆ្នាំនេះ បណ្ដាលមកពីកត្តាមួយចំនួន រួមមាន ភ្លៀងធ្លាក់ ផ្លូវធ្វើដំណើរមួយចំនួនខូចពិបាកធ្វើដំណើរ និងការត្អូញត្អែររបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការឡើងថ្លៃប្រេងឥន្ធនៈ។

ជាមួយគ្នានេះ មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានចាត់មន្ត្រីចុះណែនាំម្ចាស់អាជីវកម្មទេសចរណ៍ឱ្យរក្សាតម្លៃទំនិញ និងសេវាកម្មឱ្យបានសមរម្យ ព្រមទាំងបង្ហាញតម្លៃមុខម្ហូបឱ្យបានច្បាស់លាស់ក្នុងបញ្ជី ដើម្បីឱ្យភ្ញៀវអាចដឹងតម្លៃជាមុន។ មន្ទីរទេសចរណ៍ក៏បានណែនាំភ្ញៀវទេសចរដែលទៅកម្សាន្តតាមតំបន់រមណីយដ្ឋាន ឱ្យវេចខ្ចប់ និងទុកដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ ព្រមទាំងចូលរួមថែរក្សាអនាម័យ និងបរិស្ថាន ដើម្បីធានាឱ្យតំបន់ទេសចរណ៍មានភាពស្អាត និងទាក់ទាញភ្ញៀវទេសចរនាពេលបន្តបន្ទាប់៕



អត្ថបទ៖អាចារ្យលាក់

