ហេតុការណ៍ដ៏អាម៉ាស់នេះបានកើតឡើងកាលពីថ្ងៃទី១២ ខែតុលា កន្លងទៅ ក្រោយពេលសមត្ថកិច្ចចម្រុះ និងអាជ្ញាធរមូលដ្ឋាន បានចុះឆែកឆេរផ្ទះបាយ និងវត្តមួយកន្លែង ស្ថិតក្នុងឃុំណាំខាំ ស្រុកសុវណ្ណភូមិ ខេត្តរយអ៊ើត តាមការរាយការណ៍ពីប្រជាពលរដ្ឋថា មានក្រុមក្មេងទំនើងចូលចិត្តមកជក់ថ្នាំញៀនជាមួយលោកចៅអធិការជាញឹកញាប់។ អ្វីដែលរឹតតែហួសចិត្តនោះ គឺពេលប៉ូលិសចូលទៅដល់ ព្រះអង្គជាព្រះចៅអធិការ ដែលជាព្រះសង្ឃតែមួយអង្គគត់គង់នៅក្នុងវត្តនោះ បានស្ទុះរត់គេចខ្លួនបាតជើងសព្រាត លឿនជាងអត្តពលិក រហូតដល់ត្រូវប៉ូលិសរត់តាមដេញចាប់បានចម្ងាយប្រហែល ១២០ម៉ែត្រ។

ពេលយកមកសួរនាំ ទើបសារភាពទាំងត្រហកថា លោកពិតជាបានប្រើប្រាស់គ្រឿងញៀនមែន ហើយមូលហេតុដែលរត់ព្រោះតែភ័យស្លន់ស្លោពេលឃើញប៉ូលិសមកដល់ រហូតលទ្ធផលតេស្តទឹកនោមបានបញ្ជាក់យ៉ាងច្បាស់ថា «វិជ្ជមាន»។ ក្រោយមក មេដឹកនាំសហគមន៍ក៏បានរៀបចំពិធីផ្សឹកជាបន្ទាន់ មុននឹងបញ្ជូនអតីតលោកសង្ឃរូបនេះទៅកាន់មន្ទីរពេទ្យសុវណ្ណភូមិ ដើម្បីព្យាបាលបន្សាបគ្រឿងញៀនតាមនីតិវិធីរបស់ថៃ។

មិនត្រឹមតែប៉ុណ្ណោះ ការស៊ើបអង្កេតបន្តបានដឹកដៃសមត្ថកិច្ចទៅឆែកឆេរផ្ទះមួយកន្លែងនៅពីមុខវត្តតែម្ដង ដែលជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលត្រូវជាអ្នកផ្គត់ផ្គង់គ្រឿងញៀនដល់អតីតព្រះចៅអធិការ រួមទាំងចាប់យកថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ៩គ្រាប់។ ជនសង្ស័យទាំង ២នាក់នេះ ត្រូវប្រឈមមុខនឹងបទចោទប្រកាន់ពីបទជួញដូរ កាន់កាប់ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ រួមទាំងបើកបរក្រោមឥទ្ធិពលគ្រឿងញៀនផងដែរ មុននឹងត្រូវបញ្ជូនទៅកាន់អធិការដ្ឋានប៉ូលិសហ៊ូថន ដើម្បីចាត់ការតាមផ្លូវច្បាប់បន្ត។
យ៉ាងណាម៉ិញ ករណីនៅខេត្តរយអ៊ើតនេះ គ្រាន់តែជាផ្នែកតូចមួយនៃរឿងអាស្រូវជាច្រើនដែលកំពុងកើតឡើងក្នុងរង្វង់សង្ឃថៃនាពេលបច្ចុប្បន្ន ដែលធ្វើឱ្យជំនឿសាសនារងការញាំញីយ៉ាងធ្ងន់ធ្ងរ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ នៅខេត្តណខនរ៉ាឆាស៊ីម៉ា សមត្ថកិច្ចបានចុះឆែកឆេរវត្តមួយកន្លែង និងបានទម្លាយមុខព្រះចៅអធិការវត្ត រួមជាមួយព្រះសង្ឃជាច្រើនអង្គទៀត ដែលបានរួមគំនិតគ្នាសេពគ្រឿងញៀន និងថែមទាំងលួចលាក់នាំស្ត្រីចូលមកសប្បាយក្នុងកុដិវត្តយ៉ាងអនាធិបតេយ្យ។ ស្របពេលជាមួយគ្នានេះដែរ ករណី «ព្រះគ្រូសន្និវាស» នៅភាគកណ្តាលប្រទេសថៃ ក៏បានបង្កើតបណ្តាញបោកប្រាស់រៀបចំពិធីបុណ្យកឋិនទិព្វ ដើម្បីរៃអង្គាសប្រាក់ពីពុទ្ធបរិស័ទ ហើយបន្ទាប់ពីទទួលបានប្រាក់បរិច្ចាគរាប់លានបាត លោកសង្ឃរូបនេះបានលួចយកប្រាក់រត់គេចខ្លួនទៅទិញរថយន្តទំនើប និងប្រមូលធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន មុនពេលត្រូវប៉ូលិសតាមចាប់ខ្លួនបាននៅខេត្តឈុនបុរី។ លើសពីនេះទៅទៀត នៅខេត្តឈៀងម៉ៃ រឿងរ៉ាវអាស្រូវផ្លូវភេទក៏បានផ្ទុះឡើងបន្ទាប់ពីបុរសជាស្វាមីម្នាក់បានកាន់កាមេរ៉ាចូលទៅធាក់ទម្លាយទ្វារបន្ទប់សណ្ឋាគារ រួចចាប់បានព្រះសង្ឃល្បីឈ្មោះមួយអង្គកំពុងលួចលាក់ប្រព្រឹត្តខុសធម៌វិន័យជាមួយប្រពន្ធរបស់ខ្លួន ដែលវីដេអូនោះត្រូវបានគេផ្សព្វផ្សាយពេញបណ្តាញសង្គម រហូតដល់ថ្នាក់គណៈសង្ឃខេត្តត្រូវចេញមុខដកហូតតំណែង និងផ្សឹកភ្លាមៗ។





មែនទែនទៅទង្វើដ៏អាក្រក់ទាំងអស់នេះ បានធ្វើឱ្យមហាជន និងពុទ្ធសាសនិកជននៅក្នុងប្រទេសថៃ សម្តែងការខកចិត្ត និងរិះគន់យ៉ាងខ្លាំងចំពោះការធ្លាក់ចុះនៃសីលធម៌ និងការគ្រប់គ្រងវិន័យសង្ឃនៅក្នុងប្រទេសនាពេលបច្ចុប្បន្ន៕

