កំពត៖ កុមារចំនួន ៥នាក់ បានលង់ទឹកនៅចំណុចព្រែកកំពង់បាយ ក្នុងភូមិសាស្ត្រខេត្តកំពត ខណៈចុះលេងទឹកសមុទ្រ កាលពីវេលាម៉ោង ៥៖៣០នាទីល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ហើយត្រូវបានកម្លាំងសមត្ថកិច្ច និងក្រុមម៉ូតូទឹកបានចេញអន្តរាគមន៍ជួយសង្គ្រោះកុមារបានចំនួន ៤នាក់ ប៉ុន្តែកុមារប្រុសម្នាក់បានបាត់បង់ជីវិត។

ក្រោយកើតហេតុ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ ប្រចាំខេត្តកំពត នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត និងក្រុមម៉ូតូទឹក ចេញអន្តរាគមន៍ជួយសង្គ្រោះកុមារទាំង ៥នាក់។ កុមារដែលបានស្លាប់មានឈ្មោះ អែម ភក្តី ភេទប្រុស អាយុ ៧ឆ្នាំ មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បន្ទាប់ពីសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើកោសល្យវិច័យរួច បានបញ្ជាក់ថា កុមាររូបនេះពិតជាបានស្លាប់ដោយសារលង់ទឹកប្រាកដមែន។ បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅលំនៅឋានក្នុងខេត្តកណ្តាល។ ករណីនេះជាការរំឭកដល់មាតាបិតា និងអាណាព្យាបាល ឱ្យបង្កើនការប្រុងប្រយ័ត្ន និងតាមដានកូនៗឱ្យបានដិតដល់ នៅពេលពួកគេចុះលេងទឹកសមុទ្រ ឬតំបន់ទឹកផ្សេងៗ ដើម្បីបង្ការគ្រោះថ្នាក់លង់ទឹកដែលអាចកើតឡើងដោយមិននឹកស្មានដល់៕

អត្ថបទ៖កណ្តាល

Share.