ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីគាស់សោរផ្ទះចូលលួចម៉ូតូចំនួន៤គ្រឿង ព្រមទាំងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីនៅវេលាម៉ោងប្រមាណ៣៖៤៧នាទីទៀបភ្លឺ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅផ្ទះលេខ១០ ផ្លូវលេខ៦១២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅក្នុងអគារទុកចោលគ្មានលេខ តាមផ្លូវលេខ១៩៨៤ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមការអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ


ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន កាំភ្លើងខ្លីម៉ាក K54 ចំនួន១ដើម ជាមួយគ្រាប់ចំនួន៨គ្រាប់ ម្សៅម៉ដ្ឋពណ៌សចំនួន១កញ្ចប់តូចដែលសង្ស័យជាសារធាតុញៀន ទូរស័ព្ទដៃ កាបូបស្ពាយ ម៉ូតូ Yamaha Exciter គ្មានផ្លាកលេខ និងកង់បីឥណ្ឌា PassApp មួយគ្រឿង ព្រមទាំងសម្ភារៈពាក់ព័ន្ធផ្សេងទៀត។


ចំណែកម៉ូតូដែលត្រូវបានរាយការណ៍ថាបាត់បង់ទាំង៤គ្រឿង រួមមាន Honda Beat ពណ៌ក្រហម, Suzuki Nex ពណ៌ស-លឿង, Honda Zoomer ពណ៌ខ្មៅ និង Honda Today ពណ៌ផ្កាឈូក។ បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ÷សេង សាវី

