បាងកក៖ ទោះបីជារដ្ឋាភិបាលថៃ និងមន្ត្រីជំនាញព្យាយាមបបំប៉ោងស្នាដៃ និងទម្លាក់កំហុសនៃវិបត្តិឆបោកតាមប្រព័ន្ធអ៊ីនធឺណិតទៅលើប្រទេសជិតខាងយ៉ាងណាក៏ដោយ ប៉ុន្តែការពិតដ៏ឈឺចាប់ដែលត្រូវបានលាតត្រដាងនៅក្នុងប្រតិបត្តិការបង្ក្រាបចុងក្រោយបង្អស់ បានបង្ហាញយ៉ាងច្បាស់ថា ជនល្មើស និង Scammer ដែលឃាត់ខ្លួនបានភាគច្រើនលើសលប់ គឺជាជនជាតិថៃខ្លួនឯង។

យោងតាមរបាយការណ៍ផ្លូវការដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន Bangkok Post និង The Nation ចេញពីមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា (ACSC) ព្រមទាំងការិយាល័យស៊ើបអង្កេតកណ្តាល (CIB) បានឱ្យដឹងថា ក្នុងប្រតិបត្តិការឆែកឆេរចំនួន ២៧ទីតាំង ទូទាំង ១១ខេត្តក្នុងប្រទេសថៃ សមត្ថកិច្ចថៃបានចាប់ខ្លួនជនសង្ស័យសរុបចំនួន ៣៩នាក់។ ប៉ុន្តែអ្វីដែលជាចំណុចភ្ញាក់ផ្អើលនោះ គឺក្នុងចំណោមជនសង្ស័យទាំង ៣៩នាក់នោះ មានជនជាតិថៃរហូតដល់ទៅ ៣០នាក់ ខណៈជនជាតិចិនមានត្រឹមតែ ៨នាក់ និងជនជាតិមីយ៉ាន់ម៉ា ម្នាក់ប៉ុណ្ណោះ។

តួលេខនេះបានស្ដែងឱ្យឃើញពីភាពបរាជ័យជាប្រព័ន្ធ និងការបង្កើត «បណ្តាញឧក្រិដ្ឋកម្មក្នុងស្រុក» យ៉ាងរ៉ាំរ៉ៃនៅលើទឹកដីថៃ។ ប្រជាពលរដ្ឋថៃខ្លួនឯងបានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជួយសម្រួលដល់ក្រុមឧក្រិដ្ឋជនអន្តរជាតិ ដោយដើរតួជាអ្នកបើកគណនីធនាគារស្រមោល (Mule Accounts) ជាអ្នកដើរដកប្រាក់សុទ្ធតាមទូ ATM ជាអ្នកឈរឈ្មោះកាន់កាប់ទ្រព្យសម្បត្តិ និងខុនដូប្រណិតៗជំនួស (Nominee) ព្រមទាំងជាអ្នកប្រតិបត្តិការកម្មវិធីបោកប្រាស់តាមអ៊ីនធឺណិត ដើម្បីជម្រិតទារប្រាក់ពីជនរងគ្រោះថែមទៀត។
អ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត គឺការដែលមេក្លោងឧក្រិដ្ឋកម្មជនជាតិចិន អាចប្រើប្រាស់ «ទិដ្ឋាការពិសេស» របស់រដ្ឋាភិបាលថៃ ដើម្បីបន្លំខ្លួន រស់នៅ និងចាត់ចែងផ្ទេរប្រាក់ខុសច្បាប់យ៉ាងរលូននៅលើទឹកដីថៃ ដោយគ្មានការត្រួតពិនិត្យឱ្យបានម៉ត់ចត់ពីសំណាក់ស្ថាប័នរដ្ឋឡើយ។ ភាពធូររលុង និងអសមត្ថភាពនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់ថៃ បានបណ្តោយឱ្យជនជាតិចិនម្នាក់ដែលទើបតែចាប់ខ្លួនបាន សារភាពថា រូបគេបានជួយលាងលុយកខ្វក់យ៉ាងតិច ៣,០០០លានបាត ចាប់តាំងពីឆ្នាំ២០២២ មកម៉្លេះ ខណៈលុយខុសច្បាប់ទាំងនោះត្រូវបានយកទៅទិញ និងជួលខុនដូប្រណិតៗក្នុងតម្លៃរាប់រយលានបាតនៅកណ្តាលក្រុងបាងកក ដោយសេរី។

ទោះបីជាអាជ្ញាធរថៃព្យាយាមអួតអាងពីការរឹបអូសទ្រព្យសម្បត្តិបានជាង ៥០០លានបាត និងអះអាងថា ការខាតបង់ប្រចាំថ្ងៃបានធ្លាក់ចុះក្តី ប៉ុន្តែការពិតជាក់ស្តែងបានបង្ហាញថា ថៃគឺជា «ប្រភព និងជាជម្រកសុខស្រួល» នៃក្រុម Scammer យ៉ាងពិតប្រាកដ។ ប្រជាជនថៃខ្លួនឯង គឺជាអ្នកប្រព្រឹត្តបទល្មើសផ្ទាល់ដើម្បីលុយ ដោយមិនខ្វល់ពីច្បាប់ ហើយការទម្លាក់កំហុសដាក់ប្រទេសជិតខាងកន្លងមក គ្រាន់តែជាល្បិចបង្វែរដាន ដើម្បីបិទបាំងភាពបរាជ័យ និងអំពើពុករលួយក្នុងប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋាភិបាលថៃតែប៉ុណ្ណោះ។ សរុបមក បណ្តាញនេះ មានជាប់ពាក់ព័ន្ធបទល្មើសឆបោកយ៉ាងតិច ៧៥ករណី ដោយបោកប្រាក់បាន ១៧៣លានបាត ពីជនរងគ្រោះ។
ប្រតិបត្តិការចាប់ខ្លួន និងរឹបអូសទ្រព្យសម្បត្តិដែលធ្វើឡើងតាមក្រោយ មិនអាចលុបលាងការទទួលខុសត្រូវរបស់ថៃបានឡើយ។ ប្រសិនបើអាជ្ញាធរថៃមិនព្រមទទួលស្គាល់ការពិតថា វិបត្តិ Scammer ភាគច្រើនកើតចេញពីពលរដ្ឋ និងប្រព័ន្ធគ្រប់គ្រងដ៏ធូររលុងរបស់ខ្លួនឯងទេនោះ ប្រទេសថៃនឹងនៅតែបន្តជា «ជម្រកសើយសុខរបស់ពួកឆបោក» ឬ «ឋានសួគ៌លាងលុយ» របស់ក្រុមឧក្រិដ្ឋជនជានិច្ច៕
ប្រភព៖ The nation & Bangkok Post

