បាងកក៖ កងទ័ពអាកាសភូមិន្ទថៃ បានរៀបចំប្រកាសផែនការបន្តគម្រោងទិញយន្តហោះចម្បាំង Gripen វគ្គទីពីរ ដោយបានស្នើសុំបញ្ចូលថវិកាទៅក្នុងកញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៧។ ករណីនេះបានធ្វើឱ្យកើតឡើងនូវការរិះគន់ចំពោះប្រព័ន្ធការពារជាតិដែលមានគម្រោងចាយថវិកាច្រើនសន្ធឹក និងហួសព្រំដែនកំណត់របស់កញ្ចប់ថវិកាជាតិថៃ។ នេះបើតាមការបញ្ជាក់របស់ប្រមុខកងទ័ពអាកាសថៃ លោកឧត្តមសេនីយ៍ឯក សេកសាន ខាន់ថា កាលពីថ្ងៃទី១២ ខែតុលា កន្លងទៅ។

នៅក្នុងការថ្លែងសារការពារគម្រោងនេះ ឧត្តមសេនីយ៍ឯករូបនេះបានអះអាងថា ការទិញយន្តហោះចម្បាំងនេះ គឺដើម្បីពង្រឹងសមត្ថភាពការពារជាតិទល់នឹងការគំរាមកំហែងនៅក្នុងតំបន់ ដោយលោកបានបញ្ជាក់បន្ថែមថា ទោះបីជាមានការរីកចម្រើននៃបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើកយ៉ាងណាក៏ដោយ ប៉ុន្តែយន្តហោះដែលមានមនុស្សបើកនៅតែជាតម្រូវការចាំបាច់ ព្រោះវាមានសមត្ថភាពជំនួសការសម្រេចចិត្តក្នុងស្ថានភាពស្មុគស្មាញ និងការវាយតម្លៃលើហានិភ័យនៃជីវិតនៅតែត្រូវការពឹងផ្អែកលើការវិនិច្ឆ័យរបស់មនុស្សបានដោយងាយស្រួល។

លោក សេកសាន ខាន់ថា បានបន្តថា ប្រទេសថៃចាំបាច់ត្រូវតែមានចំនួន និងគុណភាពយន្តហោះឱ្យបានគ្រប់គ្រាន់ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។ លើសពីនេះ គម្រោងទិញយន្តហោះចម្បាំងនេះក៏រួមបញ្ចូលទាំងការផ្ទេរបច្ចេកវិទ្យា ការហ្វឹកហ្វឺនបុគ្គលិក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធានាការការពារដែនអាកាស និងតំបន់សំខាន់ៗក្នុងមានការបំពានដែនអធិបតេយ្យ ដោយលោកបានដាក់ក្ដីរំពឹងថា នឹងទទួលបានយន្តហោះចម្បាំងគ្រប់ចំនួននៅឆ្នាំ ២០២៩។
ទោះជាយ៉ាងណាក៏ដោយ ការប្រកាសបន្តគម្រោងទិញយន្តហោះចម្បាំងនេះ បានរងការរិះគន់យ៉ាងចាស់ដៃវិញថា ជាខ្ជះខ្ជាយកញ្ចប់ថវិកាយោធាយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងឆ្នាំ ២០២៧ ចំពេលដែលសេដ្ឋកិច្ចរបស់ប្រទេសថៃនៅនិងកំពុងប្រឈមមុខនឹងបញ្ហាស្មុគស្មាញជាច្រើន ។

អ្នកជំនាញសេដ្ឋកិច្ចថៃបានចោទសួរថា តើការចំណាយលើអាវុធយុទ្ធភ័ណ្ឌគួរតែជាអាទិភាពច្រើនជាងការស្តារសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាជនដែរឬទេ?។ ទន្ទឹមនឹងនេះ ការលើកឡើងអំពីការការពារដែនអាកាស និងអធិបតេយ្យភាព ត្រូវបានអ្នកតាមដានស្ថានការណ៍មើលឃើញថា ជាការបង្កើតរូបភាពសង្គ្រាម ដើម្បីធ្វើជាលេសក្នុងការបង្កើនកញ្ចប់ថវិកាយោធាតែប៉ុណ្ណោះ ខណៈដែលស្ថានភាពសន្តិសុខតំបន់បច្ចុប្បន្នភាគច្រើនផ្តោតលើកិច្ចសហប្រតិបត្តិការ និងការដោះស្រាយតាមផ្លូវការទូត។
សូមជម្រាបថា កងទ័ពអាកាសភូមិន្ទថៃ នៅតែបន្តអះអាងផ្ដោតសំខាន់ទៅលើ ភាពចាំបាច់នៃយន្តហោះមានមនុស្សបើក ច្រើនជាសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យអ្នកវិភាគយល់ថា ជាការព្យាយាមពង្រឹងអំណាចយោធានិយម និងឥទ្ធិពលរចនាសម្ព័ន្ធយោធា ដែលមាននិន្នាការល្មោភសង្គ្រាម ច្រើនជាងបង្កើតឱ្យមានសន្តិភាពនៅក្នុងតំបន់៕

