ផ្ដើមចេញពីវីដេអូចែករំលែកលើបណ្ដាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ របស់អ្នកផលិតមាតិកាល្បី (Content Creator) ព្រមទាំង Comment របស់ភ្ញៀវទេសចរក្រោមផុសនោះ ជុំវិញបញ្ហាបរិស្ថាន និងការទុកដាក់សំរាមគ្មានរបៀបរៀបរយនៅតាមសួនច្បារសាធារណៈក្នុងខេត្តប៉ៃលិន។ ភ្លាមៗនោះ ពាក្យរិះគន់ក្នុងន័យស្ថាបនានេះ មិនត្រូវបានមើលរំលងឡើយ ដោយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរខេត្តប៉ៃលិន រួមមាន មន្ទីរបរិស្ថានខេត្ត រដ្ឋបាលក្រុង ប៉ុស្តិ៍នគរបាលរដ្ឋបាល និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មូលដ្ឋានសង្កាត់ប៉ៃលិន បានចាប់ដៃគ្នាចុះយុទ្ធនាការសម្អាតបរិស្ថាននៅតំបន់នោះយ៉ាងស្រស្រាក់ស្រាំ។

សកម្មភាពឆ្លើយតបយ៉ាងរហ័សនេះ ក៏ត្រូវបានថ្នាក់ដឹកនាំកំពូលនៃខេត្តប៉ៃលិន គឺលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើការចែករំលែកនៅលើបណ្តាញសង្គម ព្រមទាំងបានភ្ជាប់នូវសារដាស់តឿន និងព្រមានចាត់វិធានការច្បាប់ធ្ងន់ៗ ចំពោះបុគ្គលទាំងឡាយណាដែលបង្កឱ្យប៉ះពាល់ដល់សោភ័ណភាពខេត្ត តាមរយៈការទុកដាក់សំរាមមិនត្រឹមត្រូវនេះ។

លោកជំទាវអភិបាលខេត្ត បានសង្កត់ធ្ងន់ថា៖ «យើងនឹងដាក់កាមេរ៉ា អនុវត្តច្បាប់ផាកពិន័យទូទាំងខេត្ត តាមមុខផ្ទះលំនៅដ្ឋានបងប្អូនក៏ដូចគ្នា សូមវេចខ្ចប់ ទុកដាក់សំរាមឱ្យបានល្អផង សូមចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា»។

ជាការកត់សម្គាល់ បញ្ហាការបោះចោលសំរាមពាសវាលពាលកាល និងគ្មានសណ្ដាប់ធ្នាប់នេះ បានក្លាយជាប្រធានបទដ៏ស្មុគស្មាញមួយ ដែលតម្រូវឱ្យមានការចូលរួមអនុវត្តខ្ជាប់ខ្ជួនពីប្រជាពលរដ្ឋគ្រប់រូប និងភ្ញៀវទេសចរ មិនមែនជាកាតព្វកិច្ចដាច់ដោយឡែករបស់អាជ្ញាធរ ឬកម្មករអនាម័យឡើយ។ ព្រោះថា ប្រសិនបើសង្គមមួយមានតែអ្នកចាំសម្អាត តែខ្វះការចូលរួមវិភាគទានស្មារតីពីអ្នកចោល មិនព្រមច្រកថង់ ឬដាក់ចូលធុងសំរាមឱ្យមានរបៀបទេនោះ ទោះជាមានយុទ្ធនាការសម្អាតរាប់រំលងខែ ក៏មិនអាចដោះស្រាយបញ្ហាបរិស្ថាននេះឱ្យដាច់ស្រឡះបានឡើយ៕

Share.