
នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង ( Phan Văn Giang) ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានពិភាក្សាការងារ ដែលសម្រេចបាននូវលទ្ធផលការងារ ឆ្នាំ២០២៦ របស់ក្រសួងការពារជាតិ នៃប្រទេសទាំងពីរ និងបន្តអនុវត្តតាមផែនការ ដោយបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការប្រចាំ ឆ្នាំ២០២៧ ដែលប្រព្រឹត្តទៅនៅ ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
តាមរយៈសារព័តមានវៀតណាមបានឱ្យដឹងថា នៅក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិនាពេលកន្លងមក ដោយបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរជានិច្ចកាលសម្រេចបានលទ្ធផលគ្រប់ជ្រុងជ្រោយ មានខ្លឹមសារជាក់ស្តែង និងមានប្រសិទ្ធភាពខ្ពស់ ហើយបានក្លាយជាសសរស្ដម្ភដ៏សំខាន់មួយ ក្នុងការទ្រទ្រង់ទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានគូសបញ្ជាក់ថា ៖ «កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម គឺជាចំណងមិត្តភាពប្រពៃណីដ៏យូរអង្វែង។ ទស្សនកិច្ចផ្លូវការនាពេលនេះ គឺជាឱកាសដ៏សំខាន់សម្រាប់ភាគីទាំងពីរក្នុងការផ្លាស់ប្តូរយោបល់ និងបង្កើនជម្រៅនៃទំនាក់ទំនងការពារជាតិទ្វេភាគី ឱ្យកាន់តែជិតស្និទ្ធ បន្តរួមចំណែកលើកកម្ពស់មិត្តភាព អ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។

សម្រាប់ទិសដៅការងារទៅមុខ ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការបន្តអនុវត្តខ្លឹមសារកិច្ចសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នាឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយផ្តោតលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១.ការគ្រប់គ្រងព្រំដែន៖ ពង្រឹងការគ្រប់គ្រង និងការពារព្រំដែនគោក និងសមុទ្ររួមគ្នា ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
២.ការបណ្តុះបណ្តាល និងផ្លាស់ប្តូរទស្សនកិច្ច៖ បន្តជំរុញការផ្លាស់ប្តូរប្រតិភូគ្រប់កម្រិត ការបណ្តុះបណ្តាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព និងប្រដាប់អាវុធនៃកងទ័ពទាំងពីរ។
៣.កិច្ចការមនុស្សធម៌៖ បន្តកិច្ចសហប្រតិបត្តិការស្វែងរក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា។
៤.កិច្ចសហប្រតិបត្តិការតំបន់៖ បង្កើនការពិគ្រោះយោបល់ ការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម។

នៅក្នុងជំនួបនោះដែរ ភាគីទាំងពីរក៏បានលើកឡើងអំពីការរៀបចំផែនការសកម្មភាពរួមគ្នា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ដែលនឹងឈានចូលមកដល់នៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ ឱ្យកាន់តែមានអត្ថន័យជ្រាលជ្រៅ និងរីកសុសសាយក្នុងជួរប្រដាប់អាវុធ និងប្រជាជននៃប្រទេសទាំងពីរ។
បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាផ្លូវការ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ បានអញ្ជើញចុះហត្ថលេខាលើ «ផែនការសហប្រតិបត្តិការការពារជាតិឆ្នាំ២០២៧ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម» ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងស្មោះស្ម័គ្រ៕
