បាងកក៖ ស្ថានការណ៍សង្គម និងនយោបាយនៅក្នុងប្រទេសថៃបានឡើងកម្ដៅជាខ្លាំង ក្នុងអំឡុងពេលដែលរដ្ឋាភិបាលថៃទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ស្ថាប័នហិរញ្ញវត្ថុធំៗគឺ ធនាគារពិភពលោក (World Bank) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ឆ្នាំ២០២៦ ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit (QSNCC)។

ទិដ្ឋភាពនៅលើដងផ្លូវជុំវិញទីតាំងប្រជុំ មិនមែនជាការទទួលស្វាគមន៍ដោយស្នាមញញឹមនោះទេ ប៉ុន្តែជាការជួបជុំតវ៉ាយ៉ាងច្រើនកកកុញពីសំណាក់ ក្រុមបាតុករប្រឆាំងធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ រួមជាមួយនឹងអង្គការសង្គមស៊ីវិលជាច្រើនទៀត បានដើរដង្ហែជាក្បួន និងស្រែកទាមទារឱ្យរដ្ឋាភិបាលរបស់លោក អនុទិន ចុះចេញពីតំណែងជាបន្ទាន់។

ភាពតានតឹងបានផ្ទុះឡើងនៅវេលាម៉ោងប្រហែល ២:០០នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្លូវបំបែកស្ពានអាកាស Rama IV។ យោងតាមតំណាងផ្នែកច្បាប់នៃបណ្តាញប្រជាជន និងអង្គការ EnLAW Foundation បានឱ្យដឹងថា ដើមឡើយ ក្រុមអ្នកតវ៉ាបានដាក់លិខិតជូនដំណឹងត្រឹមត្រូវតាមច្បាប់ស្តីពីការជួបជុំសាធារណៈឆ្នាំ២០១៥ ទៅកាន់ប៉ុស្ដិ៍នគរបាល Tharuea រួចរាល់ហើយ អំពីក្បួនដង្ហែចេញ។

ទោះជាយ៉ាងណា ស្ថានការណ៍បានប្រែប្រួលភ្លាមៗ នៅពេលដែលតំណាងបាតុករប្រហែល ១០នាក់បានព្យាយាមលើកត្រដាងបដាសម្គាល់ធំមួយជានិមិត្តរូបនៃការតវ៉ា។ នាពេលនោះកងកម្លាំងនគរបាលការពារសន្តិសុខថៃ ជាច្រើននាក់ បានសម្រុកចូលទៅដណ្តើមយកបដានោះទាំងបង្ខំ បង្កឱ្យមានការច្រាន និងប៉ះទង្គិចគ្នា។ នគរបាលបានប្រើប្រាស់របាំង រ៉ៃ ខ្សែចង ដំបង និងឧបករណ៍មួយចំនួនទៀត ដើម្បីបង្ក្រាប និងគ្រប់គ្រងស្ថានការណ៍ ដែលជាហេតុធ្វើឱ្យបាតុករមួយចំនួនរងរបួស និងបង្កជាការខឹងសម្បារយ៉ាងខ្លាំង។

នៅចំពោះមុខអ្នកសារព័ត៌មាន តំណាងក្រុមបាតុករបានសម្តែងការខឹងសម្បារ និងចោទប្រកាន់រដ្ឋាភិបាលថៃយ៉ាងធ្ងន់ៗ ដោយបានលើកឡើងថា ការអនុញ្ញាតឱ្យស្ថាប័នហិរញ្ញវត្ថុអន្តរជាតិចូលមកកំណត់ និងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ គឺជាការក្បត់ឆន្ទៈប្រជាជន ព្រោះវាជំរុញឱ្យកើតមានបំណុលសាធារណៈកាន់តែធ្ងន់ធ្ងរ និងបើកដៃឱ្យទុនបរទេសដណ្តើមយកដីធ្លីព្រមទាំងធនធានធម្មជាតិក្នុងស្រុក។ ជាមួយគ្នានេះ ក្រុមសកម្មជនបានសង្កត់ធ្ងន់ថា តួនាទីរបស់នគរបាលថៃក្រោមច្បាប់ គឺត្រូវសម្របសម្រួល និងការពារសុវត្ថិភាពបាតុករ មិនមែនជាការប្រើប្រាស់កម្លាំងបាយមកបង្រ្កាប និងរំលោភលើសេរីភាពនៃការបញ្ចេញមតិនោះឡើយ។ ហេតុនេះ ពួកគេបានទាមទារឱ្យគណៈកម្មាធិការសិទ្ធិមនុស្សជាតិថៃ ចុះអន្តរាគមន៍ជាបន្ទាន់ និងបានអំពាវនាវឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិថៃ ចេញមុខបញ្ជាក់អំពីមូលដ្ឋានច្បាប់នៃការដកហូតបដា និងសុំទោសជាផ្លូវការចំពោះអំពើហិង្សានេះ។

រហូតមកដល់ពេលនេះ ក្រុមបាតុករបានប្រកាសបោះទីតាំង និងដេកកាត់យប់នៅលើផ្លូវសាធារណៈជិតទីតាំងប្រជុំ ដោយប្តេជ្ញាចិត្តថា នឹងបន្តធ្វើបាតុកម្ម រៀបចំវេទិកាពិភាក្សា និងគាបសង្កត់ប្រឆាំងរាល់កិច្ចព្រមព្រៀងទាំងឡាយណាដែលធ្វើឡើងជាមួយក្រុមទុនបរទេស រហូតដល់កិច្ចប្រជុំ IMF-World Bank ត្រូវបានបញ្ចប់។

ជាការឆ្លើយតប អាជ្ញាធរថៃបានដាក់ពង្រាយកម្លាំងសន្តិសុខជាច្រើន រួមទាំង​បិទចរាចរណ៍ផ្លូវសំខាន់ៗ ជុំវិញមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit និងបានប្រកាសហាមឃាត់ការបង្ហោះដ្រូន នៅក្នុងតំបន់ ដើមី្បការពារសុវត្ថិភាពដាច់ខាតជូនប្រតិភូ និងថ្នាក់ដឹកនាំហិរញ្ញវត្ថុអន្តរជាតិរាប់ម៉ឺននាក់។

យ៉ាងណាម៉ិញព្រឹត្តិការណ៍នេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពី «ស្នាមប្រេះឆាដ៏ជ្រៅ» រវាងគោលនយោបាយសេដ្ឋកិច្ចថ្នាក់ដឹកនាំថៃ និងការឈឺចាប់របស់ប្រជាជនមូលដ្ឋាន ដែលរំលេចឡើងវិញនូវរលកប្រឆាំងស្ថាប័ន IMF និង World Bank នៅក្នុងប្រវត្តិសាស្ត្រថៃសារជាថ្មីម្តងទៀត៕

ប្រភព៖ Khaosod English

Share.