ភ្នំពេញ៖ យុវជន៣នាក់ដែលបន្លំខ្លួនជាព្រះសង្ឃ ដើរបិណ្ឌបាតបច្ច័យតាមផ្លូវសាធារណៈក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា ជនទាំង៣នាក់តែងគ្រងស្បង់ចីវរ ដើរបិណ្ឌបាតបច្ច័យក្នុងមូលដ្ឋានជារៀងរាល់ព្រឹក។ ប៉ុន្តែនៅព្រឹកថ្ងៃកើតហេតុ ដោយសារមិនមានអ្នកដាក់បច្ច័យ ពួកគេបាននាំគ្នាដើរច្រៀងតាមផ្លូវ បង្កឱ្យប្រជាពលរដ្ឋមានការសង្ស័យ និងរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះពិនិត្យ។
ក្រោយឃាត់ខ្លួនសាកសួរ សមត្ថកិច្ចបានរកឃើញថា អ្នកទាំង៣មិនមែនជាព្រះសង្ឃពិតប្រាកដនោះទេ ហើយបាននាំខ្លួនទៅសាកសួរ មុនបញ្ជូនបន្តទៅវត្តអង្គតាមិញ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តតាមនីតិវិធី។

ជុំវិញករណីខាងនេះ បានធ្វើឱ្យប្រជាពលរដ្ឋលើកឡើងពីការព្រួយបារម្ភចំពោះការបន្លំខ្លួនជាព្រះសង្ឃ ដើម្បីដើរបិណ្ឌបាតបច្ច័យនៅតាមទីសាធារណៈ និងស្នើឱ្យមានការយកចិត្តទុកដាក់ពិនិត្យផ្ទៀងផ្ទាត់ ដើម្បីជៀសវាងការភាន់ច្រឡំរបស់ពុទ្ធបរិស័ទទៅលើព្រះសង្ឃដែលបានប្រតិបត្តបានត្រឹមត្រូវតាមព្រះពុទ្ធសាសនា៕
អត្ថបទ៖តាតុងសែនជ័យ

