ភ្នំពេញ៖ ជនជាតិចិនសរុបចំនួន ៩០នាក់ ក្នុងនោះមានស្ត្រី ៣នាក់ ត្រូវបានអាជ្ញាធរកម្ពុជាបណ្ដេញចេញពីប្រទេស កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗ រួមមានការស្នាក់នៅ និងធ្វើការងារខុសច្បាប់ ព្រមទាំងការលួចឆ្លងដែនខុសច្បាប់។

ការបណ្ដេញចេញនេះធ្វើឡើងតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជា។

ប្រតិបត្តិការនេះធ្វើឡើងស្របតាមការដឹកនាំ និងការណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការបន្តពង្រឹងការអនុវត្តច្បាប់ និងចាត់វិធានការលើជនបរទេសដែលពាក់ព័ន្ធបទល្មើសនៅកម្ពុជា។ ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាគឺមិនអនុញ្ញាតឱ្យជនល្មើសប្រើប្រាស់ទឹកដីកម្ពុជាជាទីតាំងប្រព្រឹត្តបទល្មើសឆបោក ឬសកម្មភាពខុសច្បាប់ដែលបង្កផលប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឡើយ។

ការបង្ក្រាប និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះករណីទាំងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្រៅពីការចាត់វិធានការលើជនពាក់ព័ន្ធ សមត្ថកិច្ចក៏បន្តស្រាវជ្រាវរកមេខ្លោង និងជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោត ដើម្បីធានាឱ្យពួកគេទទួលបានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសកំណើតវិញដោយសុវត្ថិភាព។

ការបណ្ដេញជនជាតិចិនទាំង ៩០នាក់នេះ បង្ហាញពីការបន្តអនុវត្តវិធានការរបស់អាជ្ញាធរកម្ពុជាលើជនបរទេសដែលពាក់ព័ន្ធបទល្មើស និងការស្នាក់នៅខុសច្បាប់ ខណៈការប្រយុទ្ធប្រឆាំងបទល្មើសឆបោកអនឡាញនៅតែជាកិច្ចការសំខាន់ក្នុងការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម៕

