ទាំងប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធធ្លាប់បានលើកឡើងអំពីវត្តមាននៃឧក្រិដ្ឋកម្មសកលមួយនេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលប្រពឹត្តដោយជនបរទេស។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្លាប់បានលើកឡើងថា ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនបានចាប់ផ្តើមនៅកម្ពុជាទេ ហើយវាក៏មិនត្រូវបានកំណត់ត្រឹមតែកម្ពុជាដែរ, ការប៉ះពាល់ដំបូងរបស់កម្ពុជាត្រូវបានផ្សារភ្ជាប់ទៅនឹងការរីកលូតលាស់នៃការលេងល្បែងអនឡាញ និងអាជីវកម្មដែលទាក់ទងនឹងកាស៊ីណូ។
ជាវិធានការ កម្ពុជាបានដាក់ “ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ជារបបៀបវារៈអាទិភាពរបស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញនូវយន្តការជាបន្តបន្ទាប់ ក្នុងនោះរួមមាន ការបង្កើតគណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការដាក់ចេញនូវក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធក្នុងការឆ្លើយតបនឹងបទល្មើសនេះ។
តាមរយៈយន្តការនានា សមត្ថកិច្ចបានឈានឈានបំបែកសំបុកនិងចាប់ខ្លួនមេខ្លោងប្រព្រឹត្តល្មើសនិងឈានទៅបណ្តេញចេញជនបរទេសខ្ទង់ម៉ឺននាក់ដែលពាក់ព័ន្ធ នឹងបទល្មើសក៏ដូចជាបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីព្រះរាជាណាចក្រកម្ពុជាថែមទៀតផង។
យោងតាមរបាយការណ៍បង្ហាញថា ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស សមត្ថកិច្ច បានចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយបានកសាង និងបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសអនឡាញសរុបចំនួន ២៦៨ សំណុំរឿង ទៅកាន់តុលាការ ក្នុងរយៈពេលគិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ។
ក្នុងក្របខណ្ឌនៃការប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា(online scam) កម្ពុជាក៏បានសហការជាមួយប្រទេសជាមិត្ត រួមមាន សាធារណរដ្ឋប្រជាមានិតចិន សហរដ្ឋអាមេរិក សាធារណរដ្ឋកូរ៉េ ជប៉ុន អូស្រ្តាលី បណ្តាប្រទេសអាស៊ាន និងប្រទេសផ្សេងមួយចំនួនទៀត ព្រមទាំងអង្គការអន្តរជាតិ មជ្ឈមមណ្ឌលកិច្ចសហប្រតិបត្តិការសន្តិសុខនិងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង(lMLECC) អង្គការនគរបាល ព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងការិយល័យ អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)។
កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានាកន្លងមក បានទទួលនូវការសាទរ កោតសរសើរនិងលើកទឹកចិត្តទាំងក្នុងចំណោមសាធារណមតិជាតិនិងអន្តរជាតិ។
ប៉ុន្តែទន្ទឹមនឹងនេះ បែរជាមានអ្នកនយោបាយនិងអ្នកវិភាគស្ថានការណ៍សង្គមមួយចំនួន ហាក់មិនបានចាប់អារម្មណ៍ឬក៏ហាក់ធ្វើមើលមិនឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលនាពេលកន្លងមក។ពួកគេ ហាក់មិនហ៊ានទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនិងបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះឡើយ។

ផ្ទុយទៅវិញ ពួកគេបែរជាព្យាយាមផ្សព្វផ្សាយបន្តនូវអ្វីដែលសារព័ត៌មានបរទេសខ្លះបានផ្សព្វផ្សាយក្នុងចេតនាបម្រើឲ្យមជ្ឈដ្ឋានអមិត្តនិងបង្កាច់បង្ខូចកិត្តិយាសរបស់កម្ពុជាពាក់ព័ន្ធនឹងអំពើឆបោកសកលមួយនេះទៅវីញ។ជាក់ស្តែងដូចជាករណីផ្សព្វផ្សាយរបស់ អង្គភាពសារព័ត៌មាន Al Jazeera នាពេលថ្មីៗនេះ។
បើសិនជា ក្រុមអ្នកនយោបាយដែលតាំងខ្លួនថា ជាអ្នកស្រឡាញ់ជាតិពិតនិងគិតដល់ប្រយោជន៍ប្រាកដមែន ស្មេរយល់ថា ជំនួសឲ្យការខិតខំផ្សព្វផ្សាយបន្តនូវព័ត៌មានដែលមានលក្ខណៈអវិជ្ជមាននិងប៉ះពាល់ដល់ប្រទេសជាតិ គួរតែផ្សព្វផ្សាយព័ត៌មានដែលមានលក្ខណៈវិជ្ជមានសម្រាប់ប្រជាជននិងប្រទេសជាតិ ក្នុងនោះមានទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិងសមត្ថកិច្ចពាក់ព័ន្ធកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។
តើបានប្រយោជន៍អ្វីទៅ ដែលប្រឹងនាំគ្នាលើកឡើងនិងផ្សព្វផ្សាយបន្តនូវព័ត៌មានអវិជ្ជមានអំពីកម្ពុជា? ចុះបើយើងរួមគ្នាផ្សព្វផ្សាយបន្តនូវព័ត៌មានល្អៗនិងវិជ្ជមានអំពី ស្រុកទេសរបស់យើង តើនរណានឹងទទួលបានផលចំណេញពិតប្រាកដ?
សូមកុំព្រោះតែប្រឆាំងនិងមានអគតិចំពោះរាជរដ្ឋាភិបាល បែរជាមើលមិនឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងសមត្ថកិច្ចពាក់ព័ន្ធ។សូមកុំព្រោះតែប្រឆាំង បែរជាភ្លេចគិតគូរដល់ផលប្រយោជន៍នាពេលអនាគតរបស់ប្រជាជន។
សូមទទួលស្គាល់ទាំងអស់គ្នាថា បញ្ហាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)នេះ មិនមែនកើតមានតែនៅកម្ពុជានោះឡើយ វាជាបទល្មើសសកល ដែលទាមទារនូវការចូលរួមទាំងអស់គ្នាជាប្រព័ន្ធពីគ្រប់បណ្តាប្រទេស ទាំងអស់នៅជុំវិញពិភពលោក។ដូច្នេះ ក្រុមអ្នកនយោបាយប្រឆាំងនិងមជ្ឈដ្ឋានអ្នកវិភាគខ្លះ ក៏មិនគួរចង្អុលនិងចោទប្រកាន់តែចំពោះមេដឹកនាំកម្ពុជានោះដែរ។ សំណួរគន្លឹះដែលគួរតែរួមគ្នាពិចារណានិងស្វែងរកចម្លើយនោះ តែត្រូវរួមគ្នាទប់ស្កាតនិងលុបបំបាត់បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាដោយរបៀបណាទាំងនៅកម្ពុជានិងនៅតាមបណ្តាប្រទេសក្នុងតំបន់ក៏ដូចជានៅជុំវិញពិភពលោក?
អត្ថបទ៖ស្មេរ
