ខេត្តយ៉ាឡា៖ ស្ថានភាពសន្តិសុខនៅតំបន់ភាគខាងត្បូងប្រទេសថៃបន្តធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ បន្ទាប់ពីមានហេតុការណ៍ជនដៃដល់មិនស្គាល់មុខ បោះគ្រាប់បែកចំនួន ២គ្រាប់ ចូលទៅក្នុងមូលដ្ឋានប្រតិបត្តិការការពារតំបន់ បានណាងសាតា ស្ថិតនៅភូមិទី៣ ឃុំបានណាងសាតា ស្រុកបានណាងសាតា ខេត្តយ៉ាឡា ដែលបណ្តាលឱ្យរងរបួសយោងធាចំនួន ២នាក់។ ហេតុការណ៍កាលពីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ បានកើតឡើងនៅពេលដែលគ្រាប់បែកទីមួយបានផ្ទុះចំតំបន់កន្លែងស្នាក់នៅរបស់កងកម្លាំង ខណៈគ្រាប់បែកទី២ ពុំបានផ្ទុះនោះឡើយ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ច និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

បើទោះបីជាអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធថៃបានដាក់ពង្រាយកម្លាំង និងអនុវត្តច្បាប់ពិសេសយ៉ាងតឹងរ៉ឹងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយក្តី ប៉ុន្តែឧប្បត្តិហេតុនៃការវាយប្រហារដោយការគប់គ្រាប់បែក លួចបាញ់ប្រហារ និងការដាក់គ្រាប់បែកបំផ្ទុះតាមទីសាធារណៈនៅតែបន្តកើតមានជាហូរហែឥតឈប់ឈរ។ ជម្លោះប្រដាប់អាវុធនៅភាគខាងត្បូង ដែលមានឫសគល់ចេញពីភាពខុសគ្នាផ្នែកប្រវត្តិសាស្ត្រ អត្តសញ្ញាណ និងវប្បធម៌រវាងរដ្ឋកណ្តាល និងប្រជាជនមូលដ្ឋានកាន់សាសនាអ៊ិស្លាម ដែលភាគច្រើននិយាយភាសាម៉ាឡេ (Yawi) បានបន្សល់ទុកនូវរបួសសង្គមដ៏ជ្រៅ និងបាត់បង់អាយុជីវិតមនុស្សរាប់ពាន់នាក់តាំងពីឆ្នាំ២០០៤ មក។


ការវាយប្រហារលើមូលដ្ឋានឈរជើងរបស់រដ្ឋម្តងហើយម្តងទៀតនេះ បានបង្ហាញឱ្យឃើញពីភាពផុយស្រួយនៃបណ្តាញការពារសន្តិសុខ និងការលំបាកយ៉ាងខ្លាំងក្នុងការគ្រប់គ្រងស្ថានការណ៍របស់អាជ្ញាធរថៃ ដែលមិនទាន់អាចស្វែងរកដំណោះស្រាយនយោបាយ ឬកិច្ចចរចាសន្តិភាពប្រកបដោយនិរន្តរភាពជាមួយក្រុមប្រដាប់អាវុធក្នុងតំបន់បាននៅឡើយទេ។
ភាពអសន្តិសុខដែលមិនធ្លាប់ស្ងប់ស្ងាត់នេះ បាន និងកំពុងបន្តបំផ្លាញសក្តានុពលសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តយ៉ាឡា ប៉ាតានី និងណារ៉ាធិវ៉ាត់ យ៉ាងធ្ងន់ធ្ងរ។ អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសនៅតែមានការភ័យខ្លាច និងបាត់បង់ទំនុកចិត្តក្នុងការបណ្តាក់ទុន ខណៈវិស័យទេសចរណ៍នៅក្នុងតំបន់ត្រូវបានខកខានទាំងស្រុង ដោយសារការចេញសេចក្តីព្រមានរឹតបន្តឹងការធ្វើដំណើរពីសំណាក់ស្ថានទូតបណ្តាប្រទេសនានា។ មិនតែប៉ុណ្ណោះ ការបង្កើតចំណុចត្រួតពិនិត្យសន្តិសុខយ៉ាងច្រើនសន្ធឹកសន្ធាប់តាមដងផ្លូវ បានបង្កើតបរិយាកាសតានតឹង ដែលរំខានដល់សេរីភាព និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនស៊ីវិលស្លូតត្រង់។
ដរាបណារដ្ឋាភិបាលថៃ និងស្ថាប័នពាក់ព័ន្ធមិនអាចបង្កើតយុទ្ធសាស្ត្រថ្មីដែលឆ្លើយតបចំឫសគល់នៃបញ្ហា និងមិនអាចបង្កើតបរិយាកាសសុវត្ថិភាពពិតប្រាកដទេនោះ ទាំងកងកម្លាំងជួរមុខដែលកំពុងឈរជើងប្រឈមគ្រោះថ្នាក់ និងប្រជាពលរដ្ឋក្នុងតំបន់ នឹងនៅតែបន្តប្រឈមមុខនឹងហានិភ័យ និងបង់ថ្លៃយ៉ាងឈឺចាប់ចំពោះវិបត្តិអសន្តិសុខរ៉ាំរ៉ៃនេះជារៀងរហូត៕

