ព្រះវិហារ៖ មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានខេត្តព្រះវិហារ បន្តចុះល្បាត និងតាមដានចលនារបស់ហ្វូងដំរីព្រៃនៅក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ដើម្បីបង្ការគ្រោះថ្នាក់ និងកាត់បន្ថយជម្លោះរវាងមនុស្សនិងសត្វព្រៃ បន្ទាប់ពីហ្វូងដំរីព្រៃប្រមាណ ៥ទៅ៦ក្បាល បានចូលរុះរើរោងស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បណ្តាលឱ្យកុមារាអាយុ១១ឆ្នាំម្នាក់ស្លាប់ និងម្តាយអាយុ៤៩ឆ្នាំម្នាក់រងរបួសធ្ងន់។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ថា មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានសហការជាមួយកម្លាំងបញ្ជាការកងឯកភាពរដ្ឋបាលស្រុកជាំក្សាន្ត និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីតាមដានសកម្មភាព និងទិសដៅចល័តរបស់ហ្វូងដំរីព្រៃ ព្រមទាំងចាត់វិធានការបង្ការគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ។

ក្នុងនោះក្រុមការងារបានចុះល្បាត តាមដានដានជើង និងកំណត់ទីតាំងដែលដំរីព្រៃកំពុងធ្វើដំណើរ ដើម្បីទប់ស្កាត់កុំឱ្យហ្វូងដំរីខិតជិតតំបន់ប្រជុំជន ឬចម្ការរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ មន្ត្រីជំនាញក៏បានបន្តអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយផ្អាកការចូលព្រៃជ្រៅ និងជៀសវាងការបោះជំរំ ឬសង់រោងស្នាក់នៅបណ្តោះអាសន្ននៅតាមតំបន់ព្រៃដែលជាច្រកចល័តរបស់ដំរី។

ជុំវិញករណីនេះ មន្ត្រីជំនាញក៏បានណែនាំពីវិធីបង្ការជម្លោះជាមួយដំរីព្រៃ ដោយអាចប្រើសំឡេង ឬពន្លឺតាមការណែនាំសុវត្ថិភាពរបស់អ្នកជំនាញ និងហាមប្រើអាវុធ ឬឧបករណ៍ដែលអាចបង្ករបួសស្នាម និងគ្រោះថ្នាក់ដល់ជីវិតសត្វដំរី។ វិធានការទាំងនេះមានគោលបំណងការពារសុវត្ថិភាពប្រជាពលរដ្ឋផង និងថែរក្សាសត្វព្រៃដែលជាប្រភេទសត្វកម្រផង។
តាមមន្ទីរបរិស្ថានខេត្តព្រះវិហារ ដំរីព្រៃនៅក្នុងតំបន់នេះតែងតែចល័តចុះឡើងរវាងដែនជម្រកសត្វព្រៃតាមបណ្តោយជួរភ្នំដងរែក ដោយមានចំនួនប្រមាណពី១០ទៅ២០ក្បាល។ បច្ចុប្បន្ន ក្រុមការងារចម្រុះកំពុងបន្តតាមដានយ៉ាងដិតដល់ និងត្រៀមចាត់វិធានការចាំបាច់ ដើម្បីធានាសុវត្ថិភាពទាំងមនុស្ស និងសត្វព្រៃ។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តព្រះវិហារបានណែនាំអាជ្ញាធរមូលដ្ឋានដែលនៅជាប់ដែនអភិរក្ស ជាពិសេសតំបន់ដែលមានដំរីឆ្លងកាត់ និងរកចំណី ឱ្យផ្សព្វផ្សាយការប្រុងប្រយ័ត្នដល់ប្រជាពលរដ្ឋដែលចេញចូលព្រៃដើម្បីប្រមូលអនុផលព្រៃឈើ ព្រមទាំងរៀបចំយន្តការសុវត្ថិភាព និងប្រព័ន្ធជូនដំណឹងទៅស្ថាប័នមានសមត្ថកិច្ចឱ្យបានទាន់ពេលវេលា។

ដោយឡែក កាលពីថ្ងៃទី១៤ ខែតុលា ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បាននាំយកជំនួយសប្បុរសធម៌ និងថវិកាជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ក្រុមគ្រួសារជនរងគ្រោះ និងចូលរួមរំលែកទុក្ខផងដែរ។


សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៨និង១០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅចំណុចកញ្ចាំង ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ខណៈប្រជាពលរដ្ឋកំពុងស្នាក់នៅក្នុងរោងបណ្តោះអាសន្ន ដើម្បីសម្រាកពេលទៅរកត្រី។ ក្នុងហេតុការណ៍នោះ កុមារាអាយុ១១ឆ្នាំម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ រីឯម្តាយអាយុ៤៩ឆ្នាំបានរងរបួសធ្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ជាមួយគ្នាអាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅ ឬធ្វើសកម្មភាពនៅតំបន់ជាប់ព្រៃ បង្កើនការប្រុងប្រយ័ត្ន និងសហការជាមួយមន្ត្រីជំនាញនៅពេលប្រទះឃើញដំរីព្រៃ ដើម្បីជៀសវាងគ្រោះថ្នាក់ និងរួមគ្នាការពារសត្វព្រៃនៅក្នុងជម្រកធម្មជាតិ៕

