
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងតបតាមការអញ្ជើញរបស់ក្រសួងនគរបាលវៀតណាម នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ រួមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន វ៉ាន់ឡុង អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ធ្វើជាសហអធបិតីក្នុងកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការបង្ការ បង្ក្រាបបទល្មើស និងគ្រឿងញៀន ប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម និងពិធីបូកសរុបលទ្ធផលយុទ្ធនាការឃោសនា វាយលុក និងបង្ក្រាបបទល្មើសគ្រឿងញៀន តាមបណ្តោយព្រំដែនកម្ពុជា- វៀតណាម នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន ព្រហ្មទណ្ឌ ការជួញដូរមនុស្សគ្រប់ទម្រង់ បទល្មើសសេដ្ឋកិច្ច និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការចែករំលែកព័ត៌មាន ការស៊ើបអង្កេតរួម ការតាមចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ និងការជួយសង្គ្រោះជនរងគ្រោះ។

ទន្ទឹមនេះ ភាគីទាំងពីរក៏បានឯកភាពបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការគំរាមកំហែងកាន់តែស្មុគស្មាញនៃបទល្មើសឆ្លងដែន សំដៅធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ។
ក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសំខាន់ចំនួន២ រួមមាន ៖ កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុព្រមព្រៀងស្តីពីកិច្ចសហការ និងដែនសមត្ថកិច្ចរបស់ក្រុមការងាររួមកម្ពុជា-វៀតណាម សំដៅប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ។ ជាមួយគ្នានេះដែរ ភាគីកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២៧ ៕

