
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)ដែលប្រារព្ធធ្វើឡើងនៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃសង់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងចំៗ និងទម្លាយយ៉ាងច្បាស់ៗពីឧបាយកល និងការខកខានរបស់ភាគីថៃ ដែលមិនបានបញ្ជូនក្រុមការងារគណៈកម្មការព្រំដែនរួម (JBC) មកបំពេញការងារតាមការព្រមព្រៀងគ្នានោះឡើយ។
ការខកខាន និងការយឺតយ៉ាវក្នុងការអនុវត្តកិច្ចព្រមព្រៀង និងការបោះបង្គោលព្រំដែននេះ បានក្លាយជាឧបសគ្គដ៏ចម្បង ដែលរារាំងប្រជាពលរដ្ឋខ្មែរជាង ២០,០០០នាក់ មិនឱ្យមានលទ្ធភាពវិលត្រឡប់ទៅកាន់លំនៅឋាន និងស្រុកកំណើតរបស់ខ្លួនវិញបានដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ស្របពេលដែលកងទ័ពថៃនៅតែបន្តឈរជើង និងកាន់កាប់តំបន់ខ្លះក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាដោយខុសច្បាប់។
នៅក្នុងសុន្ទរកថាដ៏មានអត្ថន័យជ្រាលជ្រៅលើវេទិកាអន្តរជាតិនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងមុតមាំថា កម្ពុជាបានជួបប្រទះនូវបទពិសោធន៍ដ៏ឈឺចាប់ ដែលធ្វើឱ្យយើងមើលឃើញយ៉ាងច្បាស់ថា សន្តិភាពមិនមែនជារបស់ដែលបានមកដោយស្រួល ឬយកជាការស្រេចនោះឡើយ ហើយរាល់ជម្លោះរវាងរដ្ឋ និងរដ្ឋ ត្រូវតែដោះស្រាយតាមរយៈមធ្យោបាយសន្តិវិធី កិច្ចសន្ទនា និងច្បាប់អន្តរជាតិ។ សម្តេចបានប្រកាសយ៉ាងដាច់អហង្ការថា ព្រំដែន និងអធិបតេយ្យភាព គឺមិនត្រូវអនុញ្ញាតឱ្យមានការផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងបាយ ឬតាមរយៈការបង្កើតអង្គហេតុថ្មីលើដីជាក់ស្តែងឬដោយអំពើហិង្សានោះឡើយ។

ទោះបីជាបទឈប់បាញ់រវាងកម្ពុជា និងថៃ បន្តរក្សាបានក៏ដោយ ប៉ុន្តែស្ថានការណ៍នៅលើដីនៅតែមានភាពស្មុគស្មាញ ដោយសារតែបញ្ហាស្នូលស្តីពីបូរណភាពទឹកដី និងអធិបតេយ្យភាពក្រោមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ នៅតែពុំទាន់ត្រូវបានដោះស្រាយដាច់ស្រេច។ សម្តេចធិបតីបានលើកឡើងថា ការងារវាស់វែង និងបោះបង្គោលព្រំដែនដោយគណៈកម្មការព្រំដែនរួម (JBC) ដែលជាគន្លឹះក្នុងការសម្រេចបាននូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមការចង្អុលបង្ហាញក្នុងកិច្ចព្រមព្រៀងទៅវិញទៅមក រួមទាំងសេចក្តីប្រកាសក្រុងគូឡាឡាំពួ និងសេចក្តីថ្លែងការណ៍រួម គឺមិនទាន់ត្រូវបានយកមកអនុវត្តជាក់ស្តែងនៅលើដីដោយភាគីថៃនៅឡើយទេ។
ទោះជាយ៉ាងណា លក្ខណៈប្រឈមទាំងនេះ មិនបានធ្វើឱ្យកម្ពុជាបោះបង់ចោលនូវកិច្ចខិតខំប្រឹងប្រែងនោះឡើយ ដោយកម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវជំហររឹងមាំក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ជាមួយប្រទេសថៃដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ និងស្របតាមច្បាប់អន្តរជាតិ ព្រមទាំងការការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា កិច្ចសន្ទនា ការកាត់បន្ថយភាពតានតឹង និងការអនុវត្តដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងទ្វេភាគី ជាពិសេសការបោះបង្គោលព្រំដែន JBC ព្រមទាំងវិធានការកសាងទំនុកចិត្ត គឺជាកត្តាគន្លឹះមិនអាចខ្វះបាន ដើម្បីបង្កើតលក្ខខណ្ឌឆ្ពោះទៅរកការដោះស្រាយជម្លោះដោយសន្តិវិធីនិងយុត្តិធម៌ រស់នៅរួមគ្នាដោយសន្តិសហវិជ្ជមាន និងនាំមកនូវភាពសុខដុមរមនាជូនប្រជាជាតិទាំងពីរ៕
