
UN ៖ អង្គការសហប្រជាជាតិ បានចេញផ្សាយជាផ្លូវការនូវលិខិតផ្លូវការរបស់តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ផ្ញើជូនអគ្គលេខាធិការ UN ដើម្បីឆ្លើយតប និងបកអាក្រាតយ៉ាងចាស់ដៃចំពោះសេចក្តីថ្លែងការណ៍ប្រឌិត បំភ្លៃការពិតប្រវត្តិសាស្ត្រ និងការទម្លាក់កំហុសមកលើកម្ពុជា ពីសំណាក់លោក ឆើតឆៃ ឆៃវ៉ាវីត (Cherdchai Chaivaivid) អគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍ថៃ ប្រចាំ UN ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតនាពេលថ្មីៗនេះ។
នៅក្នុងលិខិតដែលចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍ នៃស្ថានបេសកកម្មកម្ពុជាប្រចាំអ.ស.ប. បានគូសបញ្ជាក់ថា កម្ពុជាសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅ ដែលភាគីថៃបានបន្តប្រើប្រាស់វេទិកាកម្រិតពិភពលោកមួយនេះ មកធ្វើជាឧបករណ៍នយោបាយ ដើម្បីបិទបាំងការកើនឡើងនៃអំពើឈ្លានពាន និងការរំលោភបំពានដែនអធិបតេយ្យភាពកម្ពុជាពីសំណាក់យោធាថៃ។
ក្នុងលិខិតផ្លូវការរបស់កម្ពុជាបានគាស់រំលើងនូវអង្គហេតុប្រវត្តិសាស្ត្រយ៉ាងច្បាស់លាស់ថា កាលពីព្រឹកព្រលឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃបានចាប់ផ្តើមបើកការវាយប្រហារមុនលើទីតាំងឈរជើងរបស់កម្ពុជា ហើយឈានទៅដល់ការកើនឡើងជាការវាយប្រហារទ្រង់ទ្រាយធំពេញលេញកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយថៃបានប្រើប្រាស់គ្រឿងយុទ្ធសាស្ត្រធុនធ្ងន់ រួមមាន រថក្រោះ កាំភ្លើងធំ យន្តហោះចម្បាំង F-16 និង Saab JAS Gripen ដ្រូន ព្រមទាំងគ្រាប់បែកចង្កោម បាញ់ប្រហារឆ្លងដែនចូលមកក្នុងខេត្តជាច្រើនរបស់កម្ពុជា។

ទោះបីជាមានការព្រមព្រៀងលើបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏ភាគីថៃនៅតែបន្តទង្វើប្រឈមមុខ និងឧបាយកល ដោយបានបន្តវត្តមានយោធា សាងសង់លេណដ្ឋាន ដាក់រាយបន្លាលួស រៀបចំដាក់ទូរកុងតឺន័រ និងរុញច្រានតំបន់ព្រំដែនថៃចូលមកក្នុងដែនដីអធិបតេយ្យកម្ពុជាដោយឯកតោភាគី ដែលទង្វើទាំងនេះរំលោភយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងសន្តិភាព និងការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ថៃអំពី «គ្រាប់មីនដែលទើបដាំថ្មី» កម្ពុជាបានបដិសេធដាច់អហង្ការ និងបានបញ្ជាក់ឡើងវិញនូវការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះអនុសញ្ញាហាមប្រាមគ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។ កម្ពុជាបានរំលឹកភាគីថៃ និងសហគមន៍អន្តរជាតិថា កម្ពុជាគឺជាប្រទេសដែលរងគ្រោះ និងឈឺចាប់ជាងគេដោយសារសង្គ្រាម និងគ្រាប់មីនអស់ជាច្រើនទសវត្សរ៍ ដូច្នេះកម្ពុជាមិនដែលយកអនុសញ្ញានេះមកធ្វើជាល្បែងនយោបាយឡើយ។ ផ្ទុយទៅវិញ កម្ពុជាបានជំរុញ និងអំពាវនាវជាផ្លូវការម្តងហើយម្តងទៀត ឱ្យមានការបង្កើត «គណៈកម្មការស៊ើបអង្កេតរួម ឯករាជ្យ និងឥតលម្អៀង» ដើម្បីផ្ទៀងផ្ទាត់ការពិត ប៉ុន្តែភាគីថៃតែងតែគេចវេះពីការស៊ើបអង្កេតនេះ។
មួយទៀតសោត លិខិតរបស់កម្ពុជាបានគូសបញ្ជាក់ពីវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយយោធាថៃ ដែលក្នុងនោះប្រជាពលរដ្ឋស៊ីវិលកម្ពុជាជាង ២០,០០០នាក់ នៅតែមិនអាចត្រឡប់ទៅកាន់លំនៅឋានដើមវិញបាន ដោយសារការបន្តកាន់កាប់ដោយខុសច្បាប់ និងការដាក់បារ៉ាសបន្លាលួសព្រមទាំងកុងតឺន័ររារាំងពីសំណាក់កងទ័ពថៃ។ តំបន់ដែលថៃកំពុងកាន់កាប់ជាក់ស្តែងបានលាតសន្ធឹងហួសឆ្ងាយពីផែនទីឯកតោភាគីរបស់ថៃទៅទៀត ដែលការណ៍នេះត្រូវបានអ្នករាយការណ៍ពិសេស UN អះអាងកាលពីខែកក្កដាថា ប្រជាជនកម្ពុជាទាំងនោះត្រូវការ និងសមនឹងទទួលបានការត្រឡប់ទៅផ្ទះវិញ។

ដោយឡែកឆ្លើយតបនឹងការចោទប្រកាន់ថា កម្ពុជាព្យាយាមប្រើប្រាស់វេទិកាអន្តរជាតិធ្វើជាកន្លែងនិយាយរឿងជម្លោះ កម្ពុជាបានបញ្ជាក់ថា ការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ រួមទាំងការដាក់ពាក្យបណ្តឹងសុំការសម្រុះសម្រួលជាកាតព្វកិច្ចក្រោមអនុសញ្ញាស្តីពីច្បាប់សមុទ្រ (UNCLOS) គឺជាសិទ្ធិស្របច្បាប់ និងជាវិធីសាស្ត្រសន្តិវិធី បន្ទាប់ពីភាគីថៃបានសម្រេចលុបចោលអនុស្សរណៈ MoU ឆ្នាំ២០០១ ដោយឯកតោភាគីកាលពីខែឧសភា។
កម្ពុជាក៏បានលាតត្រដាងពីធាតុពិតនៃនយោបាយថៃ ដែលមាត់ពោលថា ចង់បើក «ទំព័រថ្មី» នៃទំនាក់ទំនង ប៉ុន្តែសកម្មភាពជាក់ស្តែងបែរជាប្រកាន់យកគោលការណ៍ដ៏គ្រោះថ្នាក់គឺ «អំណាចបង្កើតសិទ្ធិ»។ ភស្តុតាងជាក់ស្តែងមានដូចឃើញស្រាប់គឺ សម្តីរបស់លោក អានុទីន ឆានវីរៈកុល នាយករដ្ឋមន្ត្រីថៃ កាលពីខែឧសភា ឆ្នាំ២០២៦ ដែលបានថ្លែងទៅកាន់សាធារណជនថៃដោយចំហថា ថៃនឹងមិនធ្វើសម្បទានណាមួយឱ្យកម្ពុជាឡើយ លុះត្រាតែកម្ពុជាទទួលយកលក្ខខណ្ឌរបស់ថៃតែមួយគត់។
សូមបញ្ជាក់ឱ្យបានច្បាស់ថា លិខិតកម្ពុជាក៏បានរំលឹកច្បាស់លាស់ដែរថា កម្ពុជា និងថៃ គឺជាអ្នកជិតខាងភូមិផងរបងជាមួយគ្នាដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ សន្តិភាព និងស្ថិរភាពនៃប្រជាជនទាំងពីរត្រូវតែពឹងផ្អែកលើការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ កម្ពុជាបានទាមទារឱ្យថៃបញ្ឈប់ភ្លាមៗនូវរាល់សកម្មភាពខុសច្បាប់ ការឈ្លានពាន និងការបង្កហេតុឯកតោភាគី ហើយត្រឡប់មកអនុវត្តកាតព្វកិច្ច និងបន្តការងាររបស់គណៈកម្មការព្រំដែនរួម (JBC) ដោយស្មោះត្រង់ ដើម្បីស្ដារទំនុកចិត្ត និងរក្សាសន្តិភាពពិតប្រាកដនៅតាមបណ្តោយព្រំដែន៕

