កំពង់ធំ៖ គណៈកម្មការទ្រទ្រង់សាលារៀនក្នុងកម្រងអង់ឃ្លាំ សហការជាមួយអង្គការកូហ្វាព និងអាជ្ញាធរមូលដ្ឋាន បានធ្វើយុទ្ធនាការប្រមូលកុមារគ្រប់អាយុចូលរៀន ដោយជំរុញឱ្យឪពុកម្ដាយ និងអាណាព្យាបាលនាំកូនទៅចុះឈ្មោះនៅតាមសាលាបឋមសិក្សាក្នុងមូលដ្ឋាន ខណៈការចុះឈ្មោះចូលរៀនមិនតម្រូវឱ្យបង់ប្រាក់។យុទ្ធនាការនេះធ្វើឡើងក្នុងកម្រងអង់ឃ្លាំ ស្ថិតនៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានការចូលរួមពីសាលារៀនទាំង១០ ក្នុងកម្រង ព្រមទាំងលោកគ្រូ អ្នកគ្រូ អាជ្ញាធរភូមិ-ឃុំ មន្ត្រីនគរបាល សហគមន៍ អាណាព្យាបាល និងសិស្សានុសិស្ស។

លោក ញង កង ប្រធានកម្រងអង់ឃ្លាំ បានឱ្យដឹងថា យុទ្ធនាការនេះមានគោលបំណងជំរុញឱ្យកុមារដែលមានអាយុចាប់ពី៧០ខែ ឬប្រមាណ៦ឆ្នាំឡើងទៅ បានចុះឈ្មោះចូលរៀននៅតាមសាលាបឋមសិក្សាក្នុងភូមិរបស់ខ្លួនឱ្យបានគ្រប់ៗគ្នា ដោយធានាសមធម៌ និងបរិយាបន្នក្នុងការទទួលបានការអប់រំ។ លោកបានអំពាវនាវដល់ឪពុកម្ដាយ និងអាណាព្យាបាលទាំងអស់ ឱ្យនាំកូនដែលគ្រប់អាយុចូលរៀនទៅចុះឈ្មោះ ដោយភ្ជាប់សៀវភៅគ្រួសារ ឬសំបុត្រកំណើត ដើម្បីឱ្យកុមារបានចូលរៀនទាន់ពេលវេលា និងមិនបាត់បង់ឱកាសសិក្សា។

ក្រៅពីការជំរុញឱ្យកុមារចូលរៀន លោកប្រធានកម្រងក៏បានណែនាំឱ្យសិស្សានុសិស្សត្រៀមសម្ភារសិក្សា គោរពច្បាប់ចរាចរណ៍ ជៀសវាងអំពើអបាយមុខ និងខិតខំរៀនសូត្រ ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ។ គួរបញ្ជាក់ថា កម្រងអង់ឃ្លាំមានសាលារៀនចំនួន១០ អគារសិក្សា១៦ខ្នង ស្មើនឹង៦៧បន្ទប់ មានលោកគ្រូ អ្នកគ្រូ៦៦នាក់ ក្នុងនោះស្ត្រី៤៣នាក់ និងសិស្សានុសិស្សសរុប២.២១៨នាក់ ក្នុងនោះស្រី១.០៩០នាក់។

អត្ថបទ៖កំពង់ធំ

