ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ តំបន់មួយចំនួននៅកម្ពុជាអាចបន្តមានភ្លៀងធ្លាក់ លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដោយសារឥទ្ធិពលព្យុះទី៣០ ឈ្មោះ «ចម្ពី» (Champi) ដែលបានវិវត្តទៅជាព្យុះសង្ឃរា និងបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ស្តីពីស្ថានភាពធាតុអាកាស ព្យុះសង្ឃរា ចម្ពី កំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា។ ប៉ុន្តែ កម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះទេ។

សម្រាប់ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់វាលទំនាប រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៤០%។ សីតុណ្ហភាពមធ្យមអប្បបរមា ២៥អង្សាសេ និងអតិបរមា ៣៣អង្សាសេ។
ដោយឡែក តំបន់ខ្ពង់រាប រួមមានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៣០%។ សីតុណ្ហភាពមធ្យមអប្បបរមា ២៤អង្សាសេ និងអតិបរមា ៣១អង្សាសេ។

ចំណែកតំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៤០%។ សីតុណ្ហភាពមធ្យមអប្បបរមា ២៥អង្សាសេ និងអតិបរមា ៣៤អង្សាសេ។ រីឯរលកសមុទ្រមានកម្ពស់មធ្យមចាប់ពី ០,៥០ម៉ែត្រ ដល់ ១,៧៥ម៉ែត្រ។

ស្ថិតក្នុងស្ថានភាពនេះ ក្រសួងធនធានទឹក និងឧតុនិយម សូមឱ្យសាធារណជនគួរមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាននៅតាមតំបន់នានា ពិសេសបន្តតាមដានព័ត៌មានព្យាករណ៍អាកាសធាតុដែលក្រសួងបាននឹងជូនដំណឹងជាបន្តបន្ទាប់។


