ទីក្រុងតេហេរ៉ង់ បានចេញមុខបញ្ជាក់ជាថ្មីពីជំហររបស់ខ្លួនក្នុងការបើកច្រកសមុទ្រ Hormuz ឱ្យដំណើរការឡើងវិញជាធម្មតា ដោយទាមទារឱ្យរដ្ឋាភិបាលវ៉ាស៊ីនតោន យល់ព្រមទទួលយកលក្ខខណ្ឌដែលខ្លួនបានផ្ញើជូនកាលពីខែកញ្ញាកន្លងទៅ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT កាលពីថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦ ដោយផ្អែកលើប្រសាសន៍របស់លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឱ្យដឹងថា សំណើរយៈពេល ៧ ថ្ងៃរបស់ខ្លួន គឺនៅតែមានសុពលភាពនៅលើតុចរចានៅឡើយ។ លោកបានគូសបញ្ជាក់ថា ប្រសិនបើអាមេរិកយល់ព្រមតាមសំណើនេះ ផ្លូវទឹកពាណិជ្ជកម្មដ៏សំខាន់មួយនេះអាចនឹងត្រូវបើកចរាចរណ៍ឡើងវិញក្នុងរយៈពេល ៦ ថ្ងៃ ហើយការចរចាផ្លូវការរវាងភាគីទាំងពីរនឹងចាប់ផ្តើមនៅថ្ងៃទី ៧។

លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់

នៅក្នុងកញ្ចប់សំណើដែលបានផ្ញើទៅអាមេរិកនោះ ភាគីអ៊ីរ៉ង់បានទាមទារឱ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនលើកលែងការបិទខ្ទប់ផ្លូវទឹកលើកំពង់ផែរបស់ខ្លួន លុបចោលទណ្ឌកម្មសេដ្ឋកិច្ចលើការនាំចេញប្រេង ព្រមទាំងបញ្ចប់ជម្លោះប្រដាប់អាវុធក្នុងតំបន់នៅលើគ្រប់សមរភូមិ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ។

អនុប្រធានាធិបតីអាមេរិក លោក JD Vance

ទោះជាយ៉ាងណា ផ្លូវឈានទៅរកកិច្ចព្រមព្រៀងនៅតែជួបឧបសគ្គធំ ដោយសារសហរដ្ឋអាមេរិកទាមទារឱ្យអ៊ីរ៉ង់ដោះស្រាយបញ្ហាកម្មវិធីនុយក្លេអ៊ែរជាមុនសិន។ ពាក់ព័ន្ធនឹងរឿងនេះ អនុប្រធានាធិបតីអាមេរិក លោក JD Vance ធ្លាប់បានបញ្ជាក់កាលពីដើមខែនេះថា លុះត្រាតែទីក្រុងតេហេរ៉ង់បង្ហាញសកម្មភាពជាក់ស្តែងក្នុងការកាត់បន្ថយការចម្រាញ់អ៊ុយរ៉ាញ៉ូម ទើបអាមេរិកពិចារណាលើលក្ខខណ្ឌទាំងនោះ ប៉ុន្តែភាគីអ៊ីរ៉ង់នៅតែបដិសេធមិនធ្វើតាមឡើយ។

ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian

ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានលើកឡើងថា ប្រទេសទាំងពីរបានផ្លាស់ប្តូរសំណើថ្មីៗរវាងគ្នាទៅវិញទៅមក ដើម្បីស្វែងរកច្រកចេញក្នុងការបញ្ចប់សង្គ្រាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ យ៉ាងណាមិញ ខាងភាគីអាមេរិកមិនទាន់មានប្រតិកម្មផ្លូវការណាមួយឆ្លើយតបជុំវិញរឿងនេះនៅឡើយទេ ខណៈដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ និងព្រមានជាថ្មីថា ជម្រើសនៃការប្រើប្រាស់កម្លាំងយោធានៅតែស្ថិតលើតុជានិច្ច ប្រសិនបើអ៊ីរ៉ង់មិនព្រមធ្វើតាមការទាមទាររបស់សហរដ្ឋអាមេរិក៕

ប្រភព៖ RT

Share.