ភ្នំពេញ៖ ក្រោយពេលប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមថៃ បានព្យាយាមប្រឌិតព័ត៌មាន និងចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋានជុំវិញដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសទួរគីយេ ភាគីកម្ពុជាបានចេញមុខមកបកអាក្រាត និងទាត់ចោលនូវរាល់ការបំភ្លើសទាំងនោះយ៉ាងម៉ឺងម៉ាត់។

ជាការឆ្លើយតបក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងពន្យល់ពីលទ្ធផលនៃដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍ប្រកបដោយជោគជ័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសចំនួនបី គឺអាស៊ែបៃហ្សង់ ទួរគីយេ និងកាហ្សាក់ស្ថាន។

ពាក់ព័ន្ធនឹងការចុះផ្សាយបែបអុចអាលរបស់សារព័ត៌មានថៃ ដែលព្យាយាមទម្លាក់កំហុស និងចោទប្រកាន់ថា កម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាដើម្បីទិញយុទ្ធោបករណ៍នោះ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ដំណើរទស្សនកិច្ចមួយជុំនេះ គឺផ្តោតសំខាន់លើកិច្ចការនយោបាយ ការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ឯកឧត្តមបានពន្យល់ថា ក្នុងនាមជារដ្ឋអធិបតេយ្យ កម្ពុជាមានសិទ្ធិពេញលេញក្នុងការសិក្សា និងស្វែងយល់ពីបទពិសោធន៍របស់ប្រទេសមិត្ត ដែលមានការអភិវឌ្ឍល្អប្រសើរផ្នែកឧស្សាហកម្មការពារជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូបានអះអាងយ៉ាងដាច់អហង្ការថា៖ «កិច្ចព្រមព្រៀងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការយោធា ដែលកម្ពុជាបានចុះហត្ថលេខាជាមួយទួរគីយេ គឺរៀបចំឡើងជាច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការ ដែលផ្តោតជាពិសេសលើការបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធន៍ និងការកសាងសមត្ថភាព ហើយកិច្ចព្រមព្រៀងនេះ មិនមែនជាកិច្ចសន្យាទិញលក់អាវុធឡើយ»។

ការបំភ្លឺយ៉ាងច្បាស់លាស់នេះ គឺជាការទះកំផ្លៀងយ៉ាងដំណំទៅកាន់ក្រុមអ្នកនាំពាក្យ និងប្រព័ន្ធផ្សព្វផ្សាយថៃ ដែលតែងតែព្យាយាមបំពុលបរិយាកាស និងប្រឌិតព័ត៌មានបំភាន់សាធារណជន ដើម្បីបិទបាំងភាពអសមត្ថភាពរបស់ខ្លួន។ ដំណើរទស្សនកិច្ចដ៏មានផ្លែផ្កានេះ បានសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីការបន្តអនុវត្តគោលនយោបាយការបរទេសដ៏ប្រាកដនិយមរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ពោលគឺ «ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី» និង «ការទូតសេដ្ឋកិច្ច» ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕

Share.