
ភ្នំពេញ៖ ក្រោមស្មារតីមោទកភាពជាតិដ៏ខ្ពង់ខ្ពស់បំផុត រាជរដ្ឋាភិបាលកម្ពុជាត្រៀមរៀបចំពិធីអបអរសាទរខួប ២០ឆ្នាំ (២០០៦-២០២៦) នៃការបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទចូលរួមបេសកកម្មរក្សាសន្តិភាពអន្តរជាតិក្រោមឆ័ត្រអង្គការសហប្រជាជាតិយ៉ាងអធិកអធម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។
នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ បានអញ្ជើញចុះត្រួតពិនិត្យការងារហ្វឹកហ្វឺនសាកល្បង ដើម្បីត្រៀមរៀបចំពិធីដ៏មានអត្ថន័យនេះ ព្រមទាំងមានពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺផងដែរ។

ការរៀបចំពិធីអបអរសាទរនេះ គឺដើម្បីបង្ហាញពីដំណើរវិវត្តដ៏អស្ចារ្យរបស់កម្ពុជា ដែលធ្លាប់ជាប្រទេសរងគ្រោះដោយសង្គ្រាម និងធ្លាប់ជាប្រទេសដែលទទួលកងកម្លាំងរក្សាសន្តិភាព UN មកឈរជើងនៅលើទឹកដីខ្លួន តែបច្ចុប្បន្នបានប្រែក្លាយខ្លួនជា «រដ្ឋសមាជិកអ្នកផ្តល់កងកម្លាំងរក្សាសន្តិភាព» ដ៏សកម្មនៅលើឆាកអន្តរជាតិ។ ចាប់ផ្តើមជាផ្លូវការតាំងពីឆ្នាំ២០០៦ មកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវសរុបជិត ១ម៉ឺននាក់ (ទាំងបុរស និងនារី) ទៅបំពេញបេសកកម្មមនុស្សធម៌ចំនួន ១២ ក្នុងប្រទេសចំនួន ១០ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វ្រិកកណ្តាល ស៊ីរី សាយប្រឺស ឆាត យេម៉ែន និងកុងហ្គោ។

កងកម្លាំងកម្ពុជាបានបំពេញបេសកកម្មយ៉ាងសកម្មលើជំនាញស្នូលសំខាន់ៗដូចជា ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ វិស្វកម្មសំណង់ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ និងនាយទាហានសង្កេតការណ៍។ កិច្ចខិតខំប្រឹងប្រែង និងភាពអង់អាចក្លាហានរបស់កងកម្លាំងមួកខៀវកម្ពុជា តែងតែទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតពីសំណាក់អង្គការសហប្រជាជាតិ ក៏ដូចជាពីប្រជាជាតិ និងរដ្ឋាភិបាលនៃបណ្តាប្រទេសដែលពួកគាត់បានទៅបំពេញភារកិច្ច ដែលនេះគឺជាមោទនភាព និងកម្លាំងចិត្តដ៏ធំធេងក្នុងការបន្តបេសកកម្មលើកកម្ពស់សុខសន្តិភាពពិភពលោកតទៅមុខទៀត៕

