យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ កំពុងទទួលបានឱកាសរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាព បង្កើតមុខរបរដោយខ្លួនឯង បង្កើនប្រាក់ចំណូលគ្រួសារ និងលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខសិក្ខាកាមដែលកំពុងសិក្សាក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១.៥លាននាក់ នៅភូមិល្វៃ ឃុំត្រពាំងឬស្សី និងភូមិត្នោត ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រ និងយកជំនាញដែលទទួលបានទៅប្រើប្រាស់ជាក់ស្តែង។
ឯកឧត្តម ហាន កុសល បានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺជាឱកាសដ៏សំខាន់សម្រាប់យុវជន ជាពិសេសអ្នកមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យទទួលបានចំណេះដឹង និងសមត្ថភាពសម្រាប់ប្រកបមុខរបរ ឬស្វែងរកការងារសមស្របនាពេលអនាគត។

ឯកឧត្តមបានជំរុញឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ក្នុងការសិក្សា ស្វែងយល់ឱ្យបានច្បាស់ពីជំនាញដែលខ្លួនកំពុងរៀន និងបន្តអភិវឌ្ឍសមត្ថភាព ដើម្បីអាចយកចំណេះដឹងទាំងនោះទៅបង្កើតមុខរបរថ្មី ឬពង្រីកមុខរបរដែលមានស្រាប់នៅក្នុងសហគមន៍របស់ខ្លួន។ ការមានជំនាញច្បាស់លាស់ និងចេះប្រើប្រាស់ជំនាញឱ្យចំគោលដៅ អាចជួយបង្កើនឱកាសការងារ បង្កើតប្រាក់ចំណូល និងកាត់បន្ថយការពឹងផ្អែកលើអ្នកដទៃ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស ដោយយុវជនត្រូវមានចំណេះដឹង ជំនាញ សមត្ថភាព គុណធម៌ សុខភាពល្អ និងគំនិតច្នៃប្រឌិត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍសង្គម។ ជាពិសេស ការចេះបង្កើតគំនិតថ្មីៗ និងអនុវត្តជំនាញដែលបានរៀនឱ្យមានប្រសិទ្ធភាព នឹងជួយឱ្យយុវជនមានលទ្ធភាពកសាងអនាគត និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ខ្លួន។

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១.៥លាននាក់នេះ មានគោលដៅផ្តល់ឱកាសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យទទួលបានជំនាញសម្រាប់ប្រកបមុខរបរ និងចូលរួមក្នុងទីផ្សារការងារ។ ការទទួលបានជំនាញមួយមុខអាចក្លាយជាមូលដ្ឋានសម្រាប់យុវជនក្នុងការចាប់ផ្តើមអាជីវកម្មខ្នាតតូច បង្កើតការងារដោយខ្លួនឯង និងពង្រីកឱកាសសេដ្ឋកិច្ចក្នុងសហគមន៍។
ក្នុងឱកាសចុះសួរសុខទុក្ខ និងសំណេះសំណាលនេះ រដ្ឋបាលខេត្តកំពង់ធំក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់សិក្ខាកាម ជាអំណោយរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដើម្បីជាការលើកទឹកចិត្តដល់យុវជនឱ្យបន្តការសិក្សា និងខិតខំសម្រេចបាននូវជំនាញដែលអាចយកទៅប្រើប្រាស់សម្រាប់ការងារ និងការប្រកបមុខរបរនាពេលអនាគត។

