ត្បូងឃ្មុំ៖ ដើម្បីជួយកសិករទប់ទល់នឹងហានិភ័យអាកាសធាតុក្នុងរដូវប្រាំង និងលើកកម្ពស់ផលិតកម្មស្រូវជាតិ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានជ្រើសរើសកសិករចំនួន ៧១គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន២ ឱ្យដាំស្រូវពូជសែនក្រអូប លើផ្ទៃដីសរុប ៦៥,២ហិកតា ដោយគ្រោងផ្តល់ពូជស្រូវចំនួន ១០តោន ដើម្បីជំរុញការប្រើប្រាស់ពូជក្នុងស្រុក បង្កើនប្រាក់ចំណូល និងពង្រឹងនិរន្តរភាពទីផ្សារ។

នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាល និងណែនាំបច្ចេកទេសដល់កសិករសមាជិកសហគមន៍កសិកម្មសាមគ្គីអំពិលតាពក ក្នុងស្រុកអូររាំងឪ និងសហគមន៍កសិកម្មពាមជីលាំងបៃតង ក្នុងស្រុកត្បូងឃ្មុំ ដែលកំពុងប្រឈមនឹងហានិភ័យក្នុងការផលិតស្រូវនៅដើមរដូវប្រាំងឆ្នាំ២០២៦។

លោកបានលើកឡើងថា ឥទ្ធិពលបាតុភូតអេលនីណូ អាចបង្កឱ្យមានស្ថានភាពជំនន់ និងរាំងស្ងួតនៅតាមតំបន់ផ្សេងៗ ខណៈដំណាំរបស់ប្រជាកសិករមួយចំនួនក្នុងខេត្តត្បូងឃ្មុំក៏បានទទួលរងការខូចខាតដោយសារទឹកជំនន់ទន្លេមេគង្គ និងភ្លៀងធ្លាក់មិនស្មើគ្នាផងដែរ។

យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម បាតុភូតអេលនីណូត្រូវបានរំពឹងថានឹងចាប់ផ្តើមមានឥទ្ធិពលនៅសប្តាហ៍ទី៣ ខែតុលា ដោយអាកាសធាតុអាចកាន់តែក្តៅ ដែលបង្កក្តីបារម្ភដល់ផលិតកម្មដំណាំ និងការចិញ្ចឹមសត្វរបស់កសិករ។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ មន្ទីរកសិកម្មខេត្តបានជ្រើសរើសសហគមន៍ដែលងាយរងហានិភ័យ ដើម្បីជំរុញការដាំដុះស្រូវពូជសែនក្រអូប ដែលមានសក្តានុពលទីផ្សារខ្ពស់ និងតម្រូវការសម្រាប់ការនាំចេញ។

ក្រៅពីការផ្តល់ពូជស្រូវ មន្ទីរកសិកម្មខេត្តក៏បានណែនាំកសិករឱ្យពិនិត្យបរិមាណទឹកស្រោចស្រពឱ្យបានច្បាស់លាស់មុនពេលដាំដុះ រៀបចំដីឱ្យបានស្មើល្អ និងតាមដានស្រែជាប្រចាំ។ កសិករត្រូវប្រើប្រាស់ជី និងថ្នាំកសិកម្មឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងតាមដំណាក់កាលលូតលាស់របស់ដំណាំ ដើម្បីកាត់បន្ថយហានិភ័យ និងបង្កើនប្រសិទ្ធភាពផលិតកម្ម។

ទន្ទឹមនឹងនេះ សហគមន៍កសិកម្មត្រូវពង្រឹងកិច្ចសហការតាមគោលការណ៍ «ទិញរួម អនុវត្តរួម លក់រួម» ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម លើកកម្ពស់គុណភាពស្រូវ និងបង្កើនអំណាចចរចាទីផ្សារ។ កសិករក៏ត្រូវកត់ត្រាការវិវត្តនៃដំណាំ បញ្ហាប្រឈម និងការចំណាយតាមដំណាក់កាលឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលវាយតម្លៃលទ្ធផលផលិតកម្ម។

ជាមួយគ្នានេះ សហគមន៍ត្រូវជំរុញការលក់ស្រូវតាមកិច្ចសន្យា ដើម្បីធានាទីផ្សារ និងទទួលបានតម្លៃសមរម្យ ព្រមទាំងបន្តផលិតស្រូវពូជដែលមានគុណភាព សម្រាប់ផ្គត់ផ្គង់ដល់សមាជិក និងសហគមន៍ក្បែរខាង។ ការជំរុញឱ្យកសិករប្រើប្រាស់ពូជស្រូវក្នុងស្រុក ស្របពេលប្រឈមនឹងភាពមិនប្រាកដប្រជានៃអាកាសធាតុ មិនត្រឹមតែជួយកាត់បន្ថយហានិភ័យក្នុងការដាំដុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយនៃការពង្រឹងផលិតកម្មស្រូវជាតិ បង្កើនចំណូលកសិករ និងជំរុញការផលិតដែលមានទីផ្សារច្បាស់លាស់ក្នុងរយៈពេលវែងផងដែរ។

Share.